ដំណឹងល្អ! ចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេបង្អស់លើលោក អនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer ជាផ្លូវការហើយ

ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលបានអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer/BioNTech ដែលអាចនឹងចាប់ផ្តើមប្រើប្រាស់បានពីអាទិត្យក្រោយនេះទៅហើយ។

បើតាមការសិក្សា និងធ្វើតេស្តកន្លងមក វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer/BioNTech បានបង្ហាញលទ្ធផលប្រសិទ្ធភាពខ្ពស់រហូតដល់៩៥% ហើយអាចប្រើប្រាស់បានសម្រាប់គ្រប់ប្រភេទអាយុទាំងអស់។ លទ្ធផលដ៏ល្អប្រសើរនៃការធ្វើតេស្តនេះ បាននាំឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រេចទិញយកវ៉ាក់សាំងកូវីដ-១៩នេះដល់៤០លានដូស សម្រាប់យកមកប្រើប្រាស់ ដែលក្នុងនោះប្រមាណ១០លានដូសរំពឹងថានឹងមកដល់ចក្រភពអង់គ្លេសនៅចុងឆ្នំានេះហើយ។

វ៉ាក់សាំងនេះត្រូវធ្វើការរក្សាទុកនៅសីតុណ្ហភាព -70 អង្សាសេ ហើយអ្នកជំងឺម្នាក់ត្រូវការប្រើចំនួន២ដូស។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បាននិយាយថា MHRA ដែលជាស្ថាប័នផ្តល់អជ្ញាប័ណ្ណសុខាភិបាលសម្រាប់ឱសថរបស់អង់គ្លេសបានផ្តល់ភ្លើងខៀវ និងការអនុញ្ញាតពេញលេញដោយបញ្ជាក់ថាវាមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ វ៉ាក់សាំងនេះអាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ពីសប្តាហ៍ក្រោយទៅហើយដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនដើម្បីការពារពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតមកដល់វេលានេះប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer តែប្រទេសអង់គ្លេសជាប្រទេសដំបូងគេបង្អស់ក្នុងការផ្តល់អជ្ញាប័ណ្ណឱ្យដំណើរការចំពោះវ៉ាក់សាំងកូវីដ-១៩នេះ។ មន្ទីរពេទ្យចំនួន៥០ទូទាំងចក្រភពអង់គ្លេសត្រូវបានរៀបចំដើម្បីត្រៀមទទួល និងទុកដាក់វ៉ាក់សាំងនេះ។

ក្រៅពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនPfizer/BioNTech ចក្រភពអង់គ្លេសក៏បានធ្វើការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតពីក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna ផងដែរ។ គិតមកដល់ថ្ងៃពុធនេះ ចក្រភពអង់គ្លេសមានករណីឆ្លងកូវីដ-១៩ដល់ជាង១.៦៩លានករណីផងដែរ ខណៈដែលអ្នកបាត់បង់ជីវិតមានដល់ជិត៦ម៉ឺននាក់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *