មិត្តក្នុងគ្រាលំបាក! ក្រុងស៊ូវ៉ុនផ្តល់រថយន្តដឹកសំរាម និងម៉ាស់តាមរយៈស្ថានទូតខ្មែរដល់ខេត្តសៀមរាប និងសន្យាសហការជាមួយគ្នាបន្តក្រោយកូវីដ

ស៊ូវ៉ុន៖ ឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលក្រុងស៊ូវ៉ុន លោក Yeom Tae-young ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងស៊ូវ៉ុន ហើយលោកអភិបាលក្រុងព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម១គ្រឿង ព្រមទាំងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយស៊ូវ៉ុន តាមរយៈស្ថានទូតកម្ពុជាផងដែរ។

បើតាមការបង្ហោះរបស់លោកឯកអគ្គរាជទូត អភិបាលក្រុងស៊ូវ៉ុនបានលើកឡើងថាកម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដែលកន្លងមកទីក្រុងស៊ូវ៉ុនធ្លាប់បានទទួលនូវអំណោយម៉ាសចំនួន២ម៉ឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ដំបូងកាលពីអំឡុងខែមីនាកន្លងមកនេះពីសំណាក់ខេត្តសៀមរាបកម្ពុជាយើង។ គាត់បានអះអាងថាអំពើល្អជាសប្បុរសរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក។

ក្រោយពីជំងឺរាតត្បាតសកលនេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបយើង លើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសោមនស្សរីករាយបំផុត។

ក្នុងន័យនេះហើយទើបលោកអភិបាលក្រុងស៊ូវ៉ុនបានរៀបចំទស្សនកិច្ចសិក្សាជូនប្រតិភូស្ថានទូតកម្ពុជាដើម្បីពិនិត្យមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យក៏ដូចជារូបភាពនៅតាមដងផ្លូវទីសាធារណៈនានា សំដៅផ្ដល់ឱ្យប្រជាជននៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយផាសុកភាពគួរឱ្យចង់រស់នៅ។

សូមជម្រាបថាប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា ១ម៉ឺន៥ពាន់នាក់។ ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូលដូចជាខេត្តកណ្ដាលរបស់យើងអញ្ចឹងដែរ និងមានប្រជាជនចំនួន ១លាន៣សែននាក់។

 

 

Leave a Reply

Your email address will not be published. Required fields are marked *