រដ្ឋសភាកូរ៉េអនុម័តច្បាប់ថ្មីអនុញ្ញាតចំពោះការស្នើសុំពន្យារពេលបម្រើកាតព្វកិច្ចយោធាសម្រាប់តារា Kpop ណា ដែលនាំឱ្យកូរ៉េល្បីលើឆាកអន្តរជាតិ

សេអ៊ូល៖ នៅព្រឹកថ្ងៃអង្គារនេះ រដ្ឋសភាជាតិកូរ៉េខាងត្បូងបានចេញច្បាប់ថ្មីដែលនឹងអនុញ្ញាតឱ្យតារាចម្រៀង Kpop កូរ៉េល្បីឈ្មោះដែលជាបុរសហើយត្រូវជាប់កាតព្វកិច្ចយោធានោះ អាចពន្យារពេលនៃការបម្រើកាតព្វកិច្ចយោធារបស់ខ្លួនបាន។

ក្នុងកិច្ចប្រជុំរបស់រដ្ឋសភាជាតិកូរ៉េខាងត្បូង បានផ្តល់សេចក្តីអនុម័តយល់ព្រមលើច្បាប់ថ្មីដើម្បីកែសម្រួលលើច្បាប់ស្តីពីការបម្រើកាតព្វកិច្ចយោធារបស់ពលរដ្ឋកូរ៉េ។ តាមរយៈច្បាប់ថ្មីនេះ កូរ៉េខាងត្បូងផ្តល់សិទ្ធអនុគ្រោះដល់តារាចម្រៀងកូរ៉េ Kpop​ ដែលជាបុរសដូចជាក្រុម BTS ជាដើមនោះ អាចធ្វើការពន្យារពេលចូលបម្រើយោធា ប្រសិនបើតារាចម្រៀងទាំងនោះល្បីឈ្មោះខ្លាំង និងបានកំពុងជួយលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសកូរ៉េខាងត្បូងនៅលើឆាកអន្តរជាតិ។

ច្បាប់ថ្មីនេះត្រូវបានស្នើសុំតាំងពីខែកញ្ញាកន្លងមក ស្របពេលបទចម្រៀង Dynamite របស់ក្រុមតារាចម្រៀង Kpop កូរ៉េ BTS បានជាប់លេខមួយលើតារាងចម្រៀងដ៏ល្បីឈ្មោះរបស់សហរដ្ឋអាម៉េរិក U.S. Billboard Hot 100 Singles Chart។ ក្រុមតារាចម្រៀងកូរ៉េជាច្រើនដូចជាក្រុម BTS នេះជាដើមបានធ្វើឱ្យពិភពលោកគាំទ្រដល់វិស័យចម្រៀងកូរ៉េយ៉ាងខ្លាំងក្លា ហើយមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោក។

នៅមុនពេលច្បាប់ថ្មីនេះត្រូវបានដាក់ចេញនោះ ការលើកលែងកាតព្វកិច្ចយោធារបស់ពលរដ្ឋកូរ៉េខាងត្បូងអនុញ្ញាតបានតែចំពោះអត្តពលិកកូរ៉េដែលបានទទួលជ័យជំនះ លើជ័យលាភីអន្តរជាតិធំៗនៅលើឆាកអន្តរជាតិ និងដល់តន្ត្រីករបុរាណកូរ៉េប៉ុណ្ណោះ។

នៅក្រោមច្បាប់ថ្មីនេះ អ្នកចម្រៀងកូរ៉េដែល្បីឈ្មោះអាចធ្វើការពន្យារការបម្រើកាតព្វកិច្ចយោធារហូតដល់អាយុ៣០ឆ្នាំ ក្រោមការស្នើសុំក្នុងនាមជាបុគ្គលដែលលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសកូរ៉េ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េ។ ជាក់ស្តែងក្នុងក្រុមចម្រៀង BTS សមាជិកមួយរូបឈ្មោះថា ជីន (Jin) មានអាយុ២៨ឆ្នាំហើយ ដែលនឹងត្រូវបម្រើកាតព្វកិច្ចយោធារបស់ខ្លួននៅចុងឆ្នាំនេះបើយោងទៅតាមច្បាប់ចាស់ស្តីពីការបម្រើកាតព្វកិច្ចយោធារបស់ពលរដ្ឋកូរ៉េ។

ក្រុមតារាចម្រៀង BTS ដែលល្បីល្បាញជុំវិញពិភពលោក
សមាជិកក្រុម BTS ឈ្មោះថា Jin

Leave a Reply

Your email address will not be published. Required fields are marked *