កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជានៅកូរ៉េកំពុងធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅលើលទ្ធភាពអនុវត្តនូវគម្រោងជាមួយមជ្ឍមណ្ឌល Saemaul Undong ក្នុងគោលបំណងជំរុញមូលដ្ឋាននៃការអភិវឌ្ឍន៍រួមគ្នានៅក្នុងសហគមន៍ខ្មែរយើងនីមួយៗរៀងៗខ្លួនដោយខ្លួនឯង នេះបើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់។
លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់បានរៀបរាប់ថា ចលនាសង្គម Saemaul Undong របស់កូរ៉េ គឺជាចលនាអភិវឌ្ឍន៏សហគមន៏ដោយរៀបចំភូមិ ឬសហគមន៏មួយនៅកូរ៉េ បង្កើតឡើងក្នុងបំណងលើកកម្ពស់ជីវភាពអ្នកភូមិ ដោយផ្អែកទៅលើស្មារតីមនសិការចង់មានចង់បាន, ខ្លួនទីពឹងខ្លួន និងមានកិច្ចសហការល្អជាមួយអ្នកជិតខាង ក៏ដូចជាជាមួយអ្នកភូមិក្បែរខាងផ្សេងទៀត។ ចលនានេះប្រហាក់ប្រហែលទៅនឹងចលនាដែលផ្តួចផ្តើមដោយរដ្ឋាភិបាលកម្ពុជាដែរ គឺចលនាអភិវឌ្ឍន៏សហគមន៏នៅជនបទតាមលំនាំ “ភូមិមួយ, ផលិតផលមួយ”។ ចលនានេះមានភាពល្បីល្បាញ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិវឌ្ឍប្រទេសកូរ៉េ ដែលកន្លងមកបានធ្វើឲ្យប្រជាជនកូរ៉េហែលឆ្លងផុតពីភាពក្រីក្រក្រោយសង្គ្រាម តាមរយៈការកសាងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯងផ្ទាល់។
ក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត លោកបានចូលរួមក្នុងកម្មវិធីដែលរៀបចំចលនាសង្គម Saemaul Undong ហើយលោកបានលើកឡើងថា ស្ថានទូតបាននិងកំពុងតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅលើចលនានេះ និងកំពុងសិក្សាលទ្ធភាពស្វែងរកកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៏កម្ពុជា តាមរូបភាពនិងទម្រង់ណាដែលសមស្រប អាចជាទម្រង់ software និង hardware ក្នុងគោលបំណងយ៉ាងណាជម្រុញចលនាឲ្យប្រជាជនយើងនៅមូលដ្ឋានរួមគ្នាអភិវឌ្ឍន៏ភូមិកររបស់ពួកគាត់ដោយខ្លួនឯង ដោយចាត់ទុករាល់ការអភិវឌ្ឍន៏ក្នុងភូមិយើងជាកម្មសិទ្ធិរបស់យើង។
លោកទូតបញ្ជាក់ថា ស្ថានទូតកម្ពុជាសូមទទួលស្វាគមន៍នូវរាល់ការចូលរួមផ្ដល់នូវធាតុផ្សំទាំងឡាយណា ពាក់ព័ន្ធនឹងចលនាសង្គមមួយនេះសំដៅចងក្រងនូវគោលនយោបាយអភិវឌ្ឍន៍ជនបទមួយដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៅប្រទេសយើង ពីគ្រប់ពលរដ្ឋខ្មែរយើងនៅកូរ៉េនេះ ដូចជានិស្សិតយើងខ្លះកំពុងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទនៅកូរ៉េ។