កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងឆមាសទីបីនៃឆ្នាំ២០២០នេះ បើទោះបីជាស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ-១៩ក៏ដោយ នេះបើតាមការរាយការណ៍របស់ធនាគារកណ្តាលកូរេ៉នៅថ្ងៃអង្គារនេះ។
ផលិតផលក្នុងស្រុកសរុបពិត (Real GDP) ដែលជាសន្ទស្សន៍នៃកំណើនសេដ្ឋកិច្ចរបស់កូរ៉េកើនឡើងចំនួន២.១%ក្នុងចន្លោះឆមាសទី៣នៃខែកក្កដាដល់ខែកញ្ញា បើធៀបទៅនឹងឆមាសទី២ក្នុងឆ្នាំ២០២០ដូចគ្នានេះ នេះបើតាមទិន្នន័យដែលបញ្ចេញដោយធនាគារជាតិកូរ៉េ (Bank of Korea)។
កំណើន២.១%នេះជាកំណើនដែលកើនឡើងលើសពីការរំពឹងទុកដែលគេរំពឹងថាសេដ្ឋកិច្ចកូរ៉េនឹងងើបឡើងត្រឹមតែ១.៩%ប៉ុណ្ណោះក្នុងឆមាសទី៣នេះ។ ខណៈដែលសេដ្ឋកិច្ចកូរ៉េក្នុងឆមាសទី៣នេះហាក់កើនឡើងគួរឱ្យកត់សម្គាល់វិញនោះ គេឃើញថាកាលពីឆមាសទី២កន្លងទៅសេដ្ឋកិច្ចកូរ៉េធ្លាក់ចុះរហូតដល់ទៅ៣.២%ឯណោះ រីឯឆមាសទី១ សេដ្ឋកិច្ចកូរ៉េក៏ធ្លាក់ចុះយ៉ាងគំហុកដូចគ្នា។
ក្នុងអំឡុងឆមាសទី៣នេះ គេមើលឃើញថាជាដំណាក់កាលនៃការបើកចំហរសេដ្ឋកិច្ចវិញម្តងបន្តិចៗដើម្បីស្រោចស្រង់សេដ្ឋកិច្ច ស្របពេលដែលវិធានការគម្លាតសង្គមដើម្បីការពារជំងឺកូវីដ-១៩នៅតែបន្តអនុវត្តដូចគ្នា។ ក្នុងនោះការនាំចេញកើនឡើងដល់ទៅ១៦% ខណៈដែលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកើនដល់៨.១% រីឯចំណាយរដ្ឋាភិបាលកើនឡើងចំនួន០.២%។ គេរំពឹងថាការចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗនៃវិស័យនាំចេញនឹងជួយជម្រុញសេដ្ឋកិច្ចកូរ៉េនៅចុងឆ្នាំ២០២០នេះ។
យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងឆមាសទី៣នៃឆ្នាំ២០១៩កន្លងទៅ សេដ្ឋកិច្ចកូរ៉េថយចុះចំនួន១.១% ខណៈដែលកាលពីឆមាសទី២វិញ សេដ្ឋកិច្ចកូរ៉េធ្លាក់ចុះដល់២.៧%ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ដូចគ្នា។
ប្រសិនបើសេដ្ឋកិច្ចកូរ៉េបន្តមានភាពវិជ្ជមានក្នុងឆមាសទី៤ចុងឆ្នាំ២០២០នេះ នោះអត្រាកំណើនក្នុងឆ្នាំ២០២០នេះអាចនឹងធ្លាក់ចុះត្រឹមតែ១.១%ប៉ុណ្ណោះ ប្រៀបធៀបទៅនឹងការព្យាករណ៍ពីដើមឆ្នាំដែលសេដ្ឋកិច្ចកូរ៉េអាចនឹងធ្លាក់ដល់១.៣%។
ប្រែសម្រួល៖ សារព័ត៌មាន Yonhap News