រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់បន្ថែមពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ដែលនាំឱ្យអ្នកវិជ្ជមានសរុបកើនដល់១៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថ្មីនៅព្រឹកថ្ងៃចន្ទទី៣០ វិច្ឆិកា ២០២០នេះ អំពីការរកឃើញលទ្ធផលធ្វើតេស្តវិជ្ជមាននៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ៦នាក់បន្ថែមទៀត ដែលមកដល់ពេលនេះមានអ្នកវិជ្ជមានសរុប ១៤នាក់ហើយ។

ជាមួយនេះដែរ សេចក្តីជូនដំណឹងបានបញ្ជាក់ថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពីភ្នំពេញ និងខេត្តចំនួន៧ទៀត។ ក្នុងចំណោមការធ្វើតេស្តដំបូងចំនួន ៣,៣៣២សំណាកនេះ លទ្ធផលសិក្សារួចទើបនឹងបាន២,២៤៨សំណាកប៉ុណ្ណោះ ដែលសំណាកនៅសល់នឹងត្រូវធ្វើតេស្តបន្តទៀត។

នាវេលាព្រឹកថ្ងៃចន្ទនេះដែរសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីខេត្តសៀមរាបថា «មកដល់ពេលនេះវាមានចំនួន១៤ករណី ហើយប្រសិនបើត្រូវបានអះអាងថា ទៅពីខេត្តសៀមរាបជាករណីឆ្លងមួយទៀត (កូនស្រីលោក ឆែម សាវុធ) គឺនឹងមានចំនួន១៥ករណី ប៉ុន្ដែសំណាកទើបនឹងធ្វើតេស្ដបានចំនួន២,២៤៧សំណាក់ ក្នុងចំណោម៣,៣៣២សំណាក់។ ថ្ងៃនេះនឹងយកសំណាកប្រសិន ជាង២ពាន់សំណាកបន្ថែមទៀត ក្នុងនោះតែនៅផ្សារអ៉ីអន១ ជាង១ពាន់សំណាក, ធ្វើនៅក្រសួងមហាផ្ទៃ និងធ្វើនៅកន្លែងដែលកូនចៅរបស់ឯកឧត្តម ឆែម សាវុធ បានទៅដល់រាប់ទាំងនៅកោះពេជ្រជាដើម»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *