ក្រុមហ៊ុន Apple នឹងបើកហាងផ្លូវការរបស់ខ្លួនទីពីរនៅប្រទេសកូរ៉េឆាប់ៗនេះ រំពឹងថានឹងវាយលុកទីផ្សារ Smartphone នៅកូរ៉េបន្ថែមទៀត

សេអ៊ូល៖ ក្រុមហ៊ុនទូរស័ព្ទ Apple Inc. នឹងបើកសាខាថ្មីមួយទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីវាយលុកទីផ្សារទូរស័ព្ទ Smartphone នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលកាន់កាប់សឹងតែទាំងស្រុងដោយក្រុមហ៊ុនប្រកួតប្រជែងក្នុងស្រុក Samsung Electronic Co. នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Apple Inc. នៅថ្ងៃចន្ទនេះ។

សាខាថ្មីរបស់ខ្លួននេះដែលនឹងជាហាងទីពីររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់បើកដំណើរការនៅតំបន់ Yeouido ទីក្រុងសេអ៊ូល។ បើទោះបីជាទូរស័ព្ទ iPhone មានភាពពេញនិយមក្នុងចំណោមទីផ្សាររបស់កូរ៉េខាងត្បូងក៏ដោយ បច្ចុប្បន្ននេះមានត្រឹមហាងផ្លូវការតែមួយប៉ុណ្ណោះរបស់ក្រុមហ៊ុន Apple Inc. កំពុងដំណើរការនៅកូរ៉េខាងត្បូង។

ម៉ូដែលថ្មីនៃទូរស័ព្ទ iPhone12​ បានកំពុងវាយលុកទីផ្សារកូរ៉េខាងត្បូងយ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានប្រមាណជាង ៦០ម៉ឺនគ្រឿងបានលក់ចេញក្នុងទីផ្សារកូរ៉េខាងត្បូងហើយ ដែលមានការពេញនិយមប្រហាក់ប្រហែលគ្នាទៅនឹងមូ៉ដែលទូរស័ព្ទ Samsung Galaxy S20 Series។ ការបើកទីតាំងនៃហាងផ្លូវការថ្មីនេះរំពឹងថានឹងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមទិន្នន័យនៃអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone នៅប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនSamsung Electronicកាន់កាប់ទីផ្សាររហូតដល់ទៅ៧២.៣%ឯណោះ ខណៈដែលក្រុមហ៊ុនAppleកាន់កាប់ទីផ្សារត្រឹមតែ៨.៩%ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *