ដល់ខែកក្តិកហើយ! អ្នកមានគូរដែលគ្រោងរៀបការត្រូវគិតឱ្យច្បាស់ ៤ ចំណុចនេះសិន បើមិនចឹងទេប្រយ័ត្នការហើយ វិលមុខរឿងលុយ

កាក់សេន – Kakcent៖ កត្តិកធ្លាក់ខ្យល់មកបណ្ដើរៗហើយ អ្នកអត់គូគេងអោបដៃ អ្នកមានគូត្រៀមចូលរោងការ ធៀបការហូរហែកោះហៅញាតិមិត្តឱ្យត្រៀមខ្លួនចូលរួមពិធីមង្គលរបស់ខ្លួន។

តាមពិតទៅ អត់គូមិនសូវឈឺក្បាលច្រើនទេ តែសម្រាប់អ្នកមានគូត្រៀមចូលរោង មានរឿងច្រើនដែលគួរតែគិតគូរ ជាពិសេសគឺរឿងលុយកាក់នេះឯង។ ចំណងអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែស្រឡាញ់គ្នាមួយមុខគ្រប់គ្រាន់នោះទេ តែក៏ត្រូវរៀនយល់ពីគ្នា ចែករំលែកនិងពិភាក្សាទាំងរឿងលុយកាក់ជាពិសេស និងរឿងជាច្រើនទៀតដែលត្រូវស្រុះស្រួលនឹងគ្នា ដើម្បីអាចបន្តដំណើរជីវិតគូជាមួយគ្នាបានយូរអង្វែង។ ខាងក្រោមនេះគឺរឿងលុយកាក់ខ្លះៗដែលអ្នកត្រៀមរៀបការ ឬទើបរៀបការហើយថ្មីថ្មោងគួរពិចារណា៖

១. បើកចិត្តពិភាក្សាពីទ្រព្យសម្បត្តិដែលខ្លួនកំពុងមានទៅកាន់អនាគតប្ដី/ប្រពន្ធអ្នក
មុននឹងចូលរោងការ អ្នកអាចជាមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចគ្នា ដូចនេះអ្នកគួរតែនិយាយគ្នាពីចំណុចនេះ។ ការនិយាយនេះ វាមិនមែនជាការអួតថាអ្នកមានទ្រព្យសម្បត្តិច្រើនមុនចូលរោងការនោះទេ ប៉ុន្តែវាការពិភាក្សារវាងទ្រព្យសម្បត្តិដែលអ្នកទាំងពីរមានមុនរៀបអាពាហ៍ពិពាហ៍។ អ្នកទាំងពីរអាចនឹងត្រូវគិតគូរថា តើនឹងបន្តរក្សាឈ្មោះកម្មសិទ្ធិតែម្នាក់ឯង ឬដាក់ឈ្មោះដៃគូរបស់អ្នកចូលជាម្ចាស់កម្មសិទ្ធិដែរឬយ៉ាងណា។
ឧទាហរណ៍ថា ដៃគូរបស់អ្នកកំពុងបង់រំលស់ផ្ទះមួយកន្លែងដែលមានរយៈពេល ២៥ឆ្នាំ និងកំពុងមានបំណុលណាមួយដែលត្រូវដោះស្រាយជាប្រចាំខែ ។ មុនពេលរៀបការ អ្នកទាំងពីរត្រូវនិយាយគ្នា បន្ទាប់ពីរៀបការរួច តើដៃគូរបស់អ្នកនៅតែបង់ម្នាក់ឯងដដែល ឬដោះស្រាយបញ្ហានោះរួមគ្នា ដោយវាអាស្រ័យលើការពិភាក្សាអ្នកទាំងពីរ។
គួរតែបើកចិត្តឱ្យទូលាយ ស្មោះត្រង់ចំពោះគ្នា បើកចិត្តនិយាយរឿងទាំងនេះទៅកាន់ដៃគូរបស់អ្នកឱ្យហើយ ចៀសវាងមានបញ្ហាក្រោយរៀបការរួច។

២. គម្រោងកញ្ចប់រៀបការ
អ្នកអាចនឹងត្រូវត្រៀមកញ្ចប់ប្រាក់ច្រើនសម្រាប់ចំណាយ ដែលជាធម្មតា កញ្ចប់ប្រាក់ដែលអ្នកត្រូវចំណាយអាចមានច្រើនដំណាក់កាលដូចជា ការចំណាយលុយកាក់លើការថតរូប Pre-wedding។ បន្ទាប់មកអ្នកត្រូវត្រៀមកញ្ចប់ថវិកាសម្រាប់ថ្ងៃរៀបការចំនួនពីរ ឬបីថ្ងៃក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក។ ក្រោយពីរៀបការការរួច អ្នកអាចនឹងចង់ចំណាយលើការកាត់ចំណងដៃ និងថ្លៃចំណាយផ្សេងៗក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ ឯរឿងចុងក្រោយ អ្នកអាចនឹងចំណាយលើដំណើរកម្សាន្តក្រេបទឹកឃ្មុំនោះឯង។
យ៉ាងណាមិញ ការចំណាយនៃដំណាក់នីមួយៗអាចចំណាយតិច ឬច្រើន វាអាស្រ័យលើហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកនោះទេ ថាតើអ្នកចង់ចំណាយប៉ុនណា។

៣. ការរៀបចំទុកដាក់លុយកាក់
ការរៀបចំទុកលុយកាក់នេះ សំដៅលើការរៀបចំទុកដាក់នូវប្រាក់ចំណូល និងចំណាយរបស់អ្នកទាំងពីរ។ វាអាស្រ័យលើការសម្រេចចិត្តរបស់គូនីមួយៗ ដែលគូខ្លះអាចនឹងរក្សាទុកលុយនៅផ្ទះជាមួយភរិយា ឬឯគូខ្លះទៀតបង្កើតគណនី Joint Account ដាក់ប្រាក់ចំណូលរួមគ្នាតែម្ដង ទើបយកប្រាក់ទាំងនោះទៅចាត់លើការចំណាយចាំបាច់តាមក្រោយ។
សម្រាប់គូខ្លះទៀត ពួកគាត់ចង់មានឯករាជ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរៀងៗខ្លួន ដោយពួកគាត់គ្រាន់តែពិភាក្សាគ្នាពីទំនួលខុសត្រូវផ្នែកណាមួយនៃជីវភាពប្រចាំថ្ងៃ ដូចជាប្រពន្ធជាអ្នករ៉ាប់រងថ្លៃចំណាយលើទឹក រីឯប្ដីជារ៉ាប់រងថ្លៃចំណាយលើភ្លើងជាដើម។ ការសម្រេចចិត្តទាំងនេះ វាអាស្រ័យលើការពិភាក្សាគ្នាមុនឱ្យហើយ ដើម្បីសុភមង្គល និងសម្រេចបានគោលដៅហិរញ្ញវត្ថុក្នុងគ្រួសារតែប៉ុណ្ណោះ។

៤. ផែនការគ្រួសារ
ក្រៅតែអាចរកចំណូលបានហើយ អ្នកអាចនឹងគិតគូរដល់ផែនការគ្រួសារបន្ថែមទៀត។ បានន័យថា អ្នកទាំងពីរអាចនឹងមានគម្រោងហិរញ្ញវត្ថុណាមួយដូចជា រៀបការរួចអ្នកទាំងពីរសម្រេចចិត្តរស់នៅជាមួយឪពុកម្ដាយសិន ដើម្បីកាត់បន្ថយចំណាយថ្លៃផ្ទះ។ ឬអ្នកទាំងពីរអាចនឹងរៀបចំគម្រោងកញ្ចប់ប្រាក់សម្រាប់សន្សំលុយទិញផ្ទះ ទិញឡាន ឬវិនិយោគជាដើម ដែលវាជាផែនការគ្រួសារក្នុងរយៈពេល ២-៥ឆ្នាំ ឬវែងជាងនេះ។
បន្ទាប់ពីនោះមក អ្នកទាំងពីរអាចនឹងពិភាក្សារឿងមានកូនឱ្យសមស្របនឹងហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក ចៀសវាងមានបញ្ហាដល់សុភមង្គលក្នុងគ្រួសារ។ ជីវិតមានគូស្រករ ការចំណាយនឹងគុណជាពីរ ប៉ុន្តែនៅពេលមានអ្នកមានកូន ចំណាយនឹងគុណជា៣ ឬ៤ជាដើម តួយ៉ាងដូចជា អ្នកអាចនឹងត្រៀមកញ្ចប់សាច់ប្រាក់ធានារ៉ាបរងសម្រាប់កូនអ្នកក្នុងរយៈ ១៨ ឬ២០ឆ្នាំក្រោយ ដើម្បីធានាថាពួកគេនឹងមានប្រាក់ដើម្បីបន្តថ្នាក់ថ្នាក់ឧត្ដមសិក្សាជាដើម។

សម្រាប់អ្នកមិនទាន់មានជីវិតគូ អាចនឹងគិតថាពិធីអាពាហ៍ពិពាហ៍អាចកើតឡើងទៅបាន ត្រឹមតែមនុស្សពីរនាក់ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ រីឯតាមការពិតមានជីវិតមានគូមានរឿងច្រើនដែលត្រូវពិភាក្សា។

ពិតណាស់ អាពាហ៍ពិពាហ៍នឹងជះឥទ្ធិពលដល់ហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក ដែលវាទាមទារអ្នកឱ្យបើកចិត្តនិយាយរឿងទាំងនេះឱ្យរួចរាល់។ វាក៏ជាបង្ហាញថា អ្នកផ្ដល់ទំនុកចិត្ត និងការជឿជាក់បន្តដំណើរវែងឆ្ងាយជាមួយគ្នាថែមទៀតផង៕

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន Kakcent

Leave a Reply

Your email address will not be published. Required fields are marked *