សេអ៊ូល៖ កូរ៉េខាងត្បូងនឹងបង្កើនវិធានការគម្លាតសង្គមទូទាំងប្រទេសក្រៅពីតំបន់សេអ៊ូល និងប្រជុំជនធំៗទៅដល់កម្រិត១.៥ ខណៈដែលវិធានការរឹតបន្តឹងបន្ថែមនឹងត្រូវដាក់ឱ្យអនុវត្តក្នុងទីក្រុងសេអ៊ូលចាប់ពីថ្ងៃអង្គារទី០១ ខែធ្នូ ២០២០នេះទៅ ដើម្បីត្រៀមបង្ការហានិភ័យនៃជំងឺកូវីដ-១៩ខណៈដែលករណីឆ្លងថ្មីបន្តកើនឡើង និងរដូវរងារកាន់តែខិតជីតចូលមកដល់នោះ។
ឆ្លើយតបទៅនឹងស្ថានការណ៍កូវីដដែលកាន់តែតឹងតែងនោះ អជ្ញាធរកូរ៉េបានសម្រេចតម្លើងកម្រិតវិធានការគម្លាតសង្គមសម្រាប់ក្រុង និងខេត្តផ្សេងៗទាំងឡាយក្រៅពីតំបន់សេអ៊ូល និងតំបន់ប្រជុំជនធំៗជុំវិញនោះដល់កម្រិត១.៥ហើយ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃអង្គារនេះទៅរយៈពេល២សប្តាហ៍។ ខណៈដែលទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនោះនឹងត្រូវបន្ថែមវិធានការមួយចំនួនទៀតសម្រាប់អនុវត្តលើការរឹតបន្តឹងគម្លាតសង្គម ក្រោយពីមានការបន្តកើនឡើងយ៉ាងច្រើននៃករណីកូវីដឆ្លងថ្មីបើទោះបីជាវិធានការគម្លាតសង្គមត្រូវតម្លើងដល់កម្រិត២ តាំងពីថ្ងៃអង្គារមុនក៏ដោយ។ វិធានការបន្ថែមទាំងនេះនឹងត្រូវអនុវត្តពីថ្ងៃអង្គារនេះដូចគ្នារយៈពេល១សប្តាហ៍ដូចគ្នា។
វិធានការបន្ថែមដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុងសេអ៊ូលនិងតំបន់ប្រជុំជនជុំវិញនោះ រួមមានការហាមឃាត់ការប្រើប្រាស់សូណា និងការត្រាំក្នុងអាងទឹកក្តៅ និងការហាត់ប្រាណ ឬហាត់កីឡា៩ប្រភេទជាក្រុមក្នុងទីតាំងបិទជិត ដូចជារាំសាំបា ហាត់ប្រដាល់ជាដើមនោះ នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃអង្គារនេះទៅរយៈពេលមួយសប្តាហ៍។
វិធានការដោយឡែកមួយទៀតគឺរដ្ឋាភិបាលនឹងហាមឃាត់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្សេងៗទៀតក្នុងការរៀបចំការជប់លៀងឆ្លងឆ្នាំថ្មីខាងមុខផងដែរដើម្បីព្យាយាមបន្ថយការឆ្លងជាពិសេសក្នុងសំណាក់យុវជនវ័យក្មេង បើតាមការលើកឡើងរបស់មន្ត្រីជំនាញ។
គេឃើញថាចាប់តាំងពីថ្ងៃព្រហស្បត្តិ៍មក ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងថ្មីរហូតដល់ជាង៥០០ករណីរយៈពេល៣ថ្ងៃជាប់គ្នា ខណៈដែលថ្ងៃអាទិត្យនេះករណីឆ្លងថ្មីបានធ្លាក់ចុះបន្តិចមកត្រឹម៤៥០ករណី ដែលអាចបណ្តាលមកពីការថយចុះនៃចំនួនធ្វើតេស្តក្នុងពេលចុងសប្តាហ៍នេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េបច្ចុប្បន្នកំពុងបន្តធ្វើការចរចាដេញថ្លៃលើវ៉ាក់សាំងកូវីដ-១៩ប្រមាណជាង៣០លានដូស ដើម្បីយកមកផ្តល់ជូនប្រជាពលរដ្ឋខ្លួន ដែលរំពឹងថានឹងប្រកាសឱ្យបានដឹងក្នុងសប្តាហ៍នេះហើយ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News