ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឱ្យរួមសាមគ្គីគ្នាអនុវត្តន៍តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩ ក្នុងពេលជំងឺនេះកំពុងឆ្លងចូលសហគមន៍ជាលើកដំបូង ដែលត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ។។
តាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ ស្រ្តីជនជាតិខ្មែរ ស្វាមីដែលគេស្គាល់ថាជាអគ្គនាយកនៃពន្ធនាគារនៃក្រសួងមហាផ្ទៃនោះ និងក្រុមគ្រួសារសរុបទាំងអស់៦នាក់ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ទាំងអស់គ្នា ជាករណីឆ្លងក្នុងសហគមន៍ដែលមិនមែនជាអ្នកធ្វើដំណើរពីក្រៅដំបូងបង្អស់។ ក្នុងនោះដែរ គេបារម្ភចំពោះទីតាំងនានាដែលស្រ្តីជនជាតិខ្មែរខាងលើបានទៅនៅមុនពេលដឹងថាមានជំងឺដូចជាខេត្តសៀមរាប ផ្សារAeon1 ខេត្តបន្ទាយមានជ័យជាដើម ហើយអ្នកដែលបានប៉ះពាល់ផ្ទាល់ក៏បានទៅខេត្តដទៃទៀតដូចជាខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តផ្សេងៗទៀតផងដែរ។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។
រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបAeon1 និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលមានដូចជាប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃយកសំណាកពិនិត្យរកមេរោគ។
ក្នុងនោះដែរ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំដោយឡែកផ្អាកដំណើរការបណ្តោះអាសន្នរបស់សាលារៀនអន្តរទ្វីបអាម៉េរិកកាំងសាខាចាក់អង្រែរយៈពេល២សប្តាហ៍ ដោយសារសាលារៀននេះជាប់ពាក់ព័ន្ធនឹងគ្រួសារអគ្គនាយកពន្ធនាគារខាងលើដែលបានឆ្លងកូវីដ-១៩។
ក្រសួងសុខាភិបាលបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់)។ ជាពិសេសនៅក្នុងកាលទេសៈនេះ សូមមើលការខុសត្រូវកូនចៅខ្លួនដោយកុំឱ្យដើរចេញក្រៅផ្ទះរហេតរហូតបើមិនចាំបាច់។ តែបើអាក់ខានមិនបាននោះ នៅពេលចេញដើរត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយសូមកុំឱ្យមានការជួបជុំគ្នាកុះករច្រើនពេក (កាត់បន្ថយជាអតិបរិមានូវចំនួនមនុស្ស ជួបជុំគ្នា)។
ក្រសួងក៏បានណែនាំត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាចាំបាច់។
យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង និងឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមវិធានការសំខាន់មួយចំនួនដូចជា៖
១៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល ជែល និងចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
២៖ នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមបិទជិតភ្លាម និងលាងដៃរបស់អ្នក
៣៖ ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្រប់លើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្នុងនៅពេលកំពុងពាក់ និងពេលដោះ
៤៖ ត្រូវបោះចោលក្នុងធុងសំរាមបិទជិតភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕
ប្រភព៖ សារព័ត៌មាន Fresh News