យើងជឿជាក់ថាយើងធ្វើបាន យើងជឿជាក់លើកម្ពុជា!
សេអ៊ូល៖ នៅរសៀលថ្ងៃទី២៨ វិច្ឆិកានេះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងមន្ត្រីនៃស្ថានទូតកម្ពុជានៅសេអ៊ូលបានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយមន្ត្រីរាជការកម្ពុជាដែលបានទើបនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅកូរ៉េ បើតាមការបង្ហោះរបស់លោកឯកអគ្គរាជទូតផ្ទាល់។
លោកឯកអគ្គរាជទូតបានធ្វើអបអរសាទរ និងរៀបចំនូវពិធីជួបសំណេះសំណាលជាមិត្តភាពរាប់អានជាមួយមន្ត្រីរាជការកម្ពុជាចំនួន១៦រូប បានបញ្ចប់ដោយជោគជ័យការសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួន ក្រោមក្របខ័ណ្ឌកម្មវិធីអាហារូបករណ៍របស់ KOICA scholarship program ហើយបានផ្តល់ជាអនុសាសន៍ដល់មន្ត្រីរាជការទាំងអស់ដែលនឹងត្រូវត្រឡប់ទៅកាន់មាតុភូមិកម្ពុជាវិញ ត្រូវពាំនាំយកទៅនូវចំណេះដឹង ចំណេះធ្វើ ជំនាញ ផ្នត់គំនិតនិងបទពិសោធន៍ល្អជាច្រើនដើម្បីយកទៅបម្រើជាតិមាតុភូមិទៅតាមវិស័យរៀងៗខ្លួន ប្រកបដោយមនសិការជាតិក្នុងការអភិវឌ្ឍ ធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើងក្នុងស្ថាប័នរបស់ពួកគាត់រៀងៗខ្លួន ដែលស្ថានឯកអគ្គរាជទូតកម្ពុជាពិតជាមានមោទនភាព ដោយភាពជឿជាក់បំផុតទៅលើបងប្អូន។
ក្នុងនោះដែរ លោកឯកអគ្គរាជទូតក៏បានទទួលអាហារសាមគ្គីជាមួយនឹងជ័យលាភីដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតក្នុងបរិយាកាសស្និទ្ធស្នាលផងដែរ។