សង្ស័យករណីគ្រុនផ្តាសាយបក្សីឆ្លងចេញពីកសិដ្ឋានចិញ្ចឹមទា អាចជាករណីគ្រុនផ្តាសាយបក្សីដំបូងឆ្លងពីកសិដ្ឋានចិញ្ចឹមបក្សីស្រុកនៅកូរ៉េ

កូរ៉េខាងត្បូង៖ ករណីថ្មីមួយទៀតនៃជំងឺផ្តាសាយបក្សីត្រូវបានគេសង្ស័យរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទាមួយកន្លែងនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង បង្កឱ្យមានការព្រួយបារម្ភចំពោះការឆ្លងចេញពីកសិដ្ឋានចិញ្ចឹមបក្សីស្រុក បើតាមការលើកឡើងរបស់ក្រសួងកសិកម្មនាព្រឹកថ្ងៃសៅរ៍នេះ។

បើតាមក្រសួងកសិកម្មរបស់កូរ៉េ ករណីជំងឺផ្តាសាយបក្សីដែលគេកំពុងសង្ស័យនេះត្រូវបានរកឃើញក្នុងសត្វទាស្រុកក្នុងកសិដ្ឋានមួយនៅតំបន់ Jeongeup ក្នុងខេត្តចូឡាភាគខាងជើង (North Jeolla Province) ប្រមាណ២៩០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បើតាមលទ្ធផលតេស្តដែលបានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។ នេះជាករណីឆ្លងដំបូងដែលគេរកឃើញនៃជំងឺផ្តាសាយបក្សីពីក្នុងចំណោមសត្វចិញ្ចឹមក្នុងឆ្នាំនេះ ខណៈដែលករណីនៃជំងឺគ្រុនផ្តាសាយបក្សីដែលរកឃើញកន្លងមកសុទ្ធតែជាករណីពាក់ព័ន្ធនឹងសត្វបក្សីព្រៃប៉ុណ្ណោះ។

កសិដ្ឋាននៅតំបន់ Jeongeup ដែលរកឃើញថាមានឆ្លងជំងឺនេះមានសត្វទាស្រុកជាង១៩០០០ក្បាល ខណៈដែលនៅជុំវិញនោះក្នុងរង្វង់៣គីឡូម៉ែត្រ មានកសិដ្ឋានបក្សីដទៃទៀតដល់ទៅ៦ទីតាំង និងក្នុងរង្វង់ជុំវិញ១០គីឡូមែ៉ត្រមានកសិដ្ឋានបក្សីដល់ទៅ៦០ទីតាំងឯណោះ បើតាមការលើកឡើងរបស់ក្រសួងកសិកម្មកូរ៉េ។ យ៉ាងណាក៏ដោយលទ្ធផលនៃការធ្វើតេស្តនឹងចេញនៅប៉ុន្មានថ្ងៃបន្ទាប់។

ដោយការបារម្ភចំពោះលទ្ធភាពនៃការឆ្លងរាលដាល អជ្ញាធរបានដាក់វិធានការបង្ការសកម្មភាពនានាទាំងអស់សម្រាប់កសិដ្ឋានចិញ្ចឹមបក្សី និងសកម្មភាពដឹកជញ្ជូនបក្សីនានាទាំងអស់ទូទាំងប្រទេស ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ដែលមានរយៈពេល៤៨ម៉ោង។ ក្នុងនោះដែរ បក្សីទាំងអស់នៅក្នុងកសិដ្ឋានដែលគេរកឃើញថាឆ្លងនោះត្រូវបានសម្លាប់ចោលទាំងអស់ដើម្បីបង្ការការឆ្លងរាលដាលបន្តទៀត ខណៈដែលសត្វមាន់ជាង៣០ម៉ឺន​ និងទាជាង១០ម៉ឹនក្បាលទៀតជាពិសេសដែលនៅក្នុងរង្វង់ចន្លោះ១០គីឡូម៉ែត្រពីកសិដ្ឋានសង្ស័យខាងលើនេះ នឹងត្រូវសម្លាប់ចោលដែរ ដើម្បីបន្តទប់ស្កាត់លទ្ធភាពនៃការឆ្លងនៃជំងឹនេះ។

Leave a Reply

Your email address will not be published. Required fields are marked *