យ៉ាងយូរ៣សប្តាហ៍ទៀត ពលរដ្ឋខ្មែរយើងដែលធ្វើដំណើរមកពីក្រៅប្រទេស នឹងត្រូវមកធ្វើចត្តាឡីស័កនៅទីតាំងថ្មីនៅខណ្ឌព្រែកព្នៅវិញហើយ

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ប្រហែលជា៣សប្ដាហ៍ទៀត យើងអាចដាក់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស មកធ្វើចត្ដាឡីស័កនៅ «មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញ» ដោយរាល់ការចំណាយទាំងស្រុងអំឡុងចត្ដាឡីស័កនេះ រាជរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ដូចដើម។

ប្រហែល៣សប្តាហ៍ទៀត ពលរដ្ឋខ្មែរយើងដែលធ្វើដំណើរពីក្រៅប្រទេសមកដល់កម្ពុជាត្រូវមកធ្វើចត្តាឡីស័កនៅ «មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ» វិញក្រោយពីទីតាំងសុខាភិបាលថ្មីនេះសាងសង់រួចរាល់ នេះបើតាមការលើកឡើងរបស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសារព័ត៌មាន Fresh News។

លោកស្រីរដ្ឋលេខាធិការបានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
មជ្ឈមណ្ឌលចត្តាឡីស័កថ្មីនេះនឹងក្លាយជាទីតាំងធ្វើចត្តាឡីស័ករួមសម្រាប់ពលរដ្ឋខ្មែរទាំងអស់ដែលធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពេលដែលរៀបចំរួចរាល់នៅចុងឆ្នាំ២០២០ខាងមុខនេះ។ ការយកទីតាំងថ្មីនេះ គឺជំនួសឱ្យការអនុវត្តកន្លងមកដែលរដ្ឋាភិបាលបានយកទីតាំងសាលារៀនមួយចំនួន និងទីតាំងផ្សេងទៀត ដើម្បីធ្វើចត្ដាឡីស័កជូនដល់ពលរដ្ឋខ្មែរយើង។

បើតាមការបញ្ជាក់របស់លោកស្រីរដ្ឋលេខាធិការ រាល់ការចំណាយទាំងស្រុងអំឡុងចត្ដាឡីស័កនៅមណ្ឌលថ្មីនេះ រាជរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ដូចដើម។

ថ្លែងប្រាប់ទៅសារព័ត៌មាន លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា «ក្នុងមួយសប្ដាហ៍ ចំនួនអ្នកចត្ដាឡីស័ក មានរហូតដល់ទៅជាង១ពាន់នាក់ ដោយសារតែថ្ងៃខ្លះអ្នកចត្ដាឡីស័ករហូតដល់ទៅ២០០នាក់ ខណៈដែលជើងហោះហើរពីក្រៅប្រទេសចូលកម្ពុជា ក្នុងមួយថ្ងៃចាប់ពី ៣-៥ជើង ហើយអ្នកដំណើរចាប់ពីជាង២០០ ដល់ជាង១,០០០នាក់»។ ការណ៍នេះតម្រូវឱ្យរដ្ឋាភិបាលត្រូវស្វែងរកទីតាំងសមរម្យណាមួយដើម្បីត្រៀមលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ដើម្បីទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កទាំងអស់។

ក្រសួងសុខាភិបាលបានសហការជាមួយសាលាធានីភ្នំពេញ សាងសង់មណ្ឌលចត្ដាឡីស័កនេះ ដែលមានចំនួន៤អគារ ហើយអាចដាក់បានអ្នកធ្វើចត្តាឡីស័កបានដល់៤៦០នាក់ និងពង្រីកអគារចំនួន២ទៀត ដែលអាចដាក់អ្នកចត្ដាឡីស័កឱ្យបានដល់៨០០នាក់ ក្នុងទំហំដីប្រហែល១ហិកតា និងចំណាយថវិកាសរុប ៧៩ម៉ឺនដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងមកក្រសួងសុខាភិបាលកម្ពុជា បានយកសាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ធ្វើជាកន្លែងដាក់ចត្ដាឡីស័ក សម្រាប់បងប្អូនខ្មែរយើង ដែលមកពីក្រៅប្រទេសចូលមកកម្ពុជា មានដូចជា៖ វិទ្យាល័យ ហ៊ុន សែន ជម្ពូនវ័ន្ដ, បុរី១០០ខ្នង, កងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី, អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង។ ប៉ុន្ដែបច្ចុប្បន្ននេះ បានប្រគល់សាលារៀនមួយចំនួន ជូនសាលារាជធានីភ្នំពេញវិញហើយ នៅតែមណ្ឌលចតា្ដឡីស័កចំនួន៣ គឺនៅកងទ័ពអាកាស, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និង អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង។

លោកស្រីថ្លែងបញ្ជាក់ទៀតថា នៅពេលមណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ ធ្វើរួចរាល់ សម្រាប់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស គឺមកធ្វើចត្ដាឡីស័កនៅទីតាំងថ្មីនេះ លើកលែងតែជនបរទេស ដែលត្រូវសម្រាកនៅសណ្ឋាគារ។ ការអនុវត្ដនេះ ធ្វើឡើងដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ដោយសារនៅមណ្ឌលចត្ដាឡីស័កនេះ មានគ្រូពេទ្យប្រចាំការជាប់ជានិច្ច និងបំពាក់សម្ភារៈរួចជាស្រេច៕

ប្រភព៖ សារព័ត៌មាន Fresh News

Leave a Reply

Your email address will not be published. Required fields are marked *