សេអ៊ូល៖ នៅថ្ងៃទី២៧ វិច្ឆិកា ២០២០នេះ ករណីឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូងមានចំនួនលើសពី៥០០ករណី ២ថ្ងៃជាប់គ្នាហើយ ដែលនាំឱ្យអជ្ញាធរសុខាភិបាលកូរ៉េបន្តព្រមានកាន់តែខ្លាំងអំពីហានិភ័យនៃការបន្តកើនឡើងនៃការឆ្លងជាសហគមន៍បន្ថែមទៀត។
នៅព្រឹកថ្ងៃសុក្រនេះ ករណីឆ្លងថ្មីមានដល់៥៦៩ករណី ដែលក្នុងនោះ៥២៥ករណីជាករណីដែលឆ្លងក្នុងស្រុក នាំឱ្យករណីឆ្លងសរុបកើនដល់៣២៨៨៧ករណីហើយ នេះបើតាមទិន្នន័យផ្តល់ឱ្យដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង KCDA។

ការកើនឡើងដល់៥៦៩ករណីនេះជាលើកដំបូងហើយដែលចំនួនករណីឆ្លងប្រចាំថ្ងៃកើនលើសពី៥០០ករណីក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ-១៩ជាលើកដំបូងតាំងពីខែកុម្ភៈមក។
ចំនួនករណីឆ្លងកូវីដ-១៩កើតឡើងលើសពី១០០ករណីតាំងពីថ្ងៃទី៨ វិច្ឆិកា និងបន្តកើនឡើងជាប្រចាំដែលតាំងពីថ្ងៃទី១៨ វិច្ឆិកាមកចំនួនករណីឆ្លងបន្តកើតមានលើសពី៣០០ករណីមករហូត លើកលែងតែថ្ងៃចន្ទក្នុងសប្តាហ៍នេះមួយប៉ុណ្ណោះ។
នៅក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មីសម្រាប់ថ្ងៃនេះ សឹងតែច្រើនជាងពាក់កណ្តាលប្រមាណ៦៥% ឬ៣៣៧ករណីកើតឡើងក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗជុំវិញទីក្រុងសេអ៊ូល។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីដល់២០៤ករណី ខណៈដែលខេត្តឃ្យ៉ុងគីមានករណីឆ្លងថ្មី១១២ និងទីក្រុងអ៊ីនឆន់មានករណីឆ្លងថ្មី២១ករណី។

ក្នុងនោះដែរទីតាំងដែលបានឆ្លងជាចង្កោមគួរឱ្យកត់សម្គាល់រួមមានសាលាបង្ហាត់រាំមួយកន្លែងនៅភាគខាងលិចទីក្រុងសេអ៊ូល ដែលមានករណីឆ្លងតគ្នាដល់ទៅ៦៣ករណីបន្ថែមនៅថ្ងៃនេះ បច្ចុប្បន្នទីតាំងនោះមានករណីឆ្លងតគ្នាដល់១២៩ករណីឯណោះ ហើយវិហារមួយកន្លែងនៅភាគខាងត្បូងក្នុងទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីបន្ថែម៥ករណី ដែលនាំឱ្យករណីឆ្លងសរុបចេញពីទីនោះកើនដល់១២៤ករណីដែរ។ ក្រៅពីនោះក៏មានទីតាំងដទៃៗទៀតដូចជាមន្ទីរពេទ្យ កន្លែងថ្នាក់រៀន កន្លែងសូណានៅតាមខេត្តផ្សេងៗទៀតដែលបានឆ្លងកូវីដ-១៩ជាចង្កោមតៗគ្នាផងដែរ។
គេឃើញថាបើទោះបីជាថ្មីៗនេះទីក្រុងសេអ៊ូល និងទីតាំងដទៃទៀតបានតម្លើងកម្រិតវិធានការគម្លាតសង្គមកាន់តែតឹងតែង និងរឹតត្បិតការជួបជុំនានាជាច្រើនទៅហើយនោះចាប់ផ្តើមពីដើមសប្តាហ៍នេះមក ក៏ចំនួនឆ្លងហាក់នៅបន្តកើនឡើងគួរឱ្យព្រួយបារម្ភ។ យ៉ាងណាក៏ដោយ អជ្ញាធរសុខាភិបាលបានលើកឡើងថាប្រសិទ្ធភាពនៃការរឹតបន្តឹងគម្លាតសង្គមអាចនឹងចាប់ផ្តើមពីសប្តាហ៍ក្រោយវិញ ដែលចំនួនករណីឆ្លងថ្មីអាចនឹងថយចុះវិញផងដែរ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃសុក្រនេះ ចំនួននៃការធ្វើតេស្តសរុបកើនដល់ជាង៣លានដង ខណៈដែលមានអ្នកព្យាបាលជាទាំងស្រុងដល់២៧១០៣នាក់ហើយ ហើយមានអ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលចំនួន៥២៦៨នាក់ទៀត។