អគ្គស្នងការនគរបាលកម្ពុជាទទួលរថយន្តពន្លត់អគ្គិភ័យ១២គ្រឿង ជាជំនួយដ៏ថ្លៃថ្លារបស់ខេត្តឃ្យុងគី និងអង្គការសប្បុរសជនរបស់កូរ៉េខាងត្បូង

ភ្នំពេញ ៖ កម្ពុជាទទួលបានរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿងជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ដែលផ្តល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នៅក្នុងកម្មវិធីទទួលយករថយន្តពន្លត់អគ្គិភ័យដែលជាអំណោយរបស់មិត្តកូរ៉េនេះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថារថយន្តទាំងនេះ នឹងត្រូវចែកជូនដល់នគរលបាលខេត្តចំនួន៦ដើម្បីបម្រើការជូនដល់ប្រជាពលរដ្ឋ សម្រាប់ជួយសង្គ្រោះ និងបង្ការនៅពេលមានគ្រោះអគ្គិភ័យនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិបានបន្តលើកឡើងថា កាយវិការនេះបង្ហាញពីការសហការគ្នាយ៉ាងជិតដិតរវាងក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍ក្នុងការបម្រើសុខមាលភាពទាំងប្រជាពលរដ្ឋក្នុងសហគមន៍ ទាំងទេសចរណ៍ជាតិ និងអន្តរជាតិ។ វិស័យទេសចរណ៍ ជាវិស័យមួយក្នុងការរូមចំណែកជួយឲ្យកម្ពុជា កសាងសេដ្ឋកិច្ច កសាងមុខមាត់ និងប្រពៃណីគោលដៅផងដែរ ដែលបច្ចុប្បន្នបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងស្តារឡើងវិញនូវមុខមាត់កម្ពុជាលើកឆាកអន្តជាតិ ហើយក្នុងនោះដែរក៏ត្រូវទាមទារឱ្យមាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឱ្យកម្ពុជាទទួលបានសុខស្ថេរភាព សុវត្ថិភាពសង្គម ព្រមទាំងរួមចំណែកដើម្បីកសាងបរិស្ថានសន្តិសុខសណ្តាប់ធ្នាប់មួយរ៉ឺងម៉ាំសម្រាប់ស្វាគមន៍ទទួលទេសចរណ៍អន្តរជាតិមកទស្សនាកម្សាន្តនៅក្នុងទឹកដីកម្ពុជា នេះបើតាមការលើងឡើងរបស់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណចំពោះអង្គការសប្បុរសជនដែលមានលោកស្រី លី យូជីង ជានាយកអង្គការហ្គូអ៊ិនឌូ អ៊ីនធឺណាសូណាល់ របស់កូរ៉េប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តឃ្យុងគី ប្រទេសកូរ៉េ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យនេះដល់កម្ពុជា ហើយតាមរយៈរថយន្តនេះ នឹងធ្វើឲ្យការពន្លត់អគ្គិភ័យនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមកតាមរយៈលោកស្រី លី យូជីង រដ្ឋបាលខេត្តឃ្យុងគី ប្រទេសកូរ៉េខាងត្បូងបានផ្តល់រថយន្តពេទ្យចំនួន១១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង រួចហើយដែរសម្រាប់ខេត្តសៀមរាប ខេត្តកំពត ខេត្តព្រៃវែង និងខេត្តកោះកុង។

សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះ នឹងផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៦រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន០២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ចំនួន០១គ្រឿង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

 

Leave a Reply

Your email address will not be published. Required fields are marked *