ភ្នំពេញ៖ ក្នុងដំណាក់កាលលំបាកនៃជម្ងឺកូវីដ-១៩នេះ កូរ៉េខាងត្បូងបានសន្យាថានឹងទទួលយកពលករខ្មែរឱ្យធ្វើការនៅក្នុងប្រទេសខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូង។
នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ឯកឧត្តម Park Heung Kyeong ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង នាថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ។ ឯកឧត្តមអគ្គរដ្ឋទូតបានអះអាងបន្ថែមទៀតថាក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនឹងនៅតែអនុញ្ញាតទទួលយកពលករខ្មែរយើងទៅធ្វើការនៅកូរ៉េខាងត្បូងដដែល បើទោះបីជាពិភពលោកកំពុងជួបប្រទះការលំបាកជាពិសេសចំពោះការធ្វើដំណើរដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩ដែលបានវាយលុកគ្រប់ប្រទេសទាំងអស់លើសាកលលោក។
លើសពីនោះទៀត ឯកឧត្តមទូតបានបញ្ជាក់ថាកន្លងមកក្នុងឆ្នាំ២០១៩ ពលករខ្មែរយើងមានចំនួនច្រើនជាងគេក្នុងចំណោមពលករបរទេសដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដែលប្រទេសកូរ៉េខាងត្បូងអាចទទួលយកកម្លាំងពលករបាន នៅពេលដែលស្ថានភាពកូវីដ-១៩ល្អប្រសើរ ដែលអាចនាំឱ្យកម្ពុជាមានជើងហោះហើរទៅមករវាងកូរ៉េខាងត្បូងកាន់តែច្រើនឡើង ជាពិសេសដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ ក្នុងនោះស្រី ១៤,២៥៥ នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងនេះមានចំនួនជិតប្រាំម៉ឺននាក់។