ប្រយ័ត្នមែនទែន! រលកទីបិជំងឺកូវីដនៅកូរ៉េកាន់តែធំហើយ ថ្ងៃនេះមានករណីឆ្លងថ្មីដល់ជិត៦០០ករណី តួលេខខ្ពស់មិនធ្លាប់មានក្នុង៨ខែចុងក្រោយ

សេអ៊ូល៖ ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅថ្ងៃនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ជិត ៦០០ ករណីឯណោះ ជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៨ខែចុងក្រោយនេះ ដែលនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីរលកថ្មីនៃជំងឺកូវីដ-១៩នៅប្រទេសកូរ៉េ។

ក្នុងចំណោមករណីឆ្លងថ្មីដែលមានដល់ទៅ៥៨៣ករណីនោះ ៥៥៣ករណីជាករណីឆ្លងក្នុងស្រុកដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ទៅ៣២,៣១៨ករណី បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង។

តួលេខនេះជាតួលេខខ្ពស់ជាងគេបង្អស់លើកដំបូងតាំងពីថ្ងៃទី ៦ ខែមីនាកន្លងមកដែលករណីឆ្លងកូវីដ-១៩កើនដល់៥១៨ករណីក្នុង១ថ្ងៃ ហើយក៏ជាតួលេខខ្ពស់ជាងតួលេខឆ្លងចំនួន៤៤១ករណី កាលពីរលកទី២នៃជំងឺកូវីដ-១៩បានផ្ទុះឡើងកាលពីខែសីហាកន្លងមក។

គេឃើញថាករណីឆ្លងប្រចាំថ្ងៃកើនឡើងខ្លាំងលើសពី១០០ករណីក្នុងមួយថ្ងៃ តាំងពីថ្ងៃទី៨ វិច្ឆិកា ខណៈដែលតួលេខនៃការឆ្លងកើនឡើងលើសពី៣០០ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ វិច្ឆិកា។ ក្នុងប៉ុន្មានថ្ងៃចុងក្រោយករណីឆ្លងថ្មីនៅតែបន្តកើនឡើងក្នុងចន្លោះពី២០០ជាង ទៅ៣០០ជាងករណីផងដែរ។

អជ្ញាធរសុខាភិបាលបានលើកឡើងថាការឆ្លងថ្មីនេះកើតចេញភាគច្រើនជាចង្កោមតូចៗ ចេញពីការជួបជុំមិត្តភក្តិ ក្រុមគ្រួសារ នៅតាមទីតាំងសាធារណៈ មន្ទីរពេទ្យជាដើម។ ក្នុងចំណោមការឆ្លងថ្មីទាំងអស់ ៤០២ករណីត្រូវបានរកឃើញក្នុងតំបន់សេអ៊ូល និងទីប្រជុំជនធំៗជុំវិញសេអ៊ូល។ ទីក្រុងសេអ៊ូលមានករណីថ្មី២០៨ករណី ខណៈដែលខេត្តឃ្យ៉ុងគីមាន១៧៧ករណី និងក្រុងអ៊ីនឆន់មាន១៧ករណី។ ខេត្តឃ្យ៉ុងសាងខាងត្បូងមានករណីថ្មី៤៥ករណី ខណៈដែលប៊ូសានមានការឆ្លងថ្មីចំនួន១៩ករណី។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងគំហុកនេះ អជ្ញាធរសុខាភិបាលបានតម្លើងវិធានគម្លាតសង្គមមកកម្រិត២ហើយ នៅតាមទីតាំងដែលមានការឆ្លងច្រើនគួរឱ្យបារម្ភ ខណៈដែលកន្លែងផ្សេងៗទៀតដែលមិនសូវមានករណីឆ្លងថ្មី វិធានការគម្លាតសង្គមស្ថិតនៅត្រឹមកម្រិត១.៥សិន។

ក្នុងនោះដែរអជ្ញាធរបញ្ជាក់ថានឹងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនូវរលកទីបីនៃជំងឺកូវីដ-១៩ ជាពិសេសមុនពេលឈានមកដល់នៃការប្រឡងថ្នាក់ជាតិចូលសាកលវិទ្យាល័យនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយនេះផងដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *