ថេគូ៖ សមិទ្ធផលថ្មីសម្រាប់ប្រជាជនកម្ពុជា នៃកិច្ចសហប្រតិបត្តិរវាងស្ថានទូតកម្ពុជា មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA នៅតំបន់ថេគូ។
ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានទូតកម្ពុជានៅកូរ៉េបានសហការជាមួយសម្ព័ន្ធសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា DGIEA និងមន្ទីរពេទ្យ Daegu Fatima Hospital បានរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរបានចំនួន ៥០នាក់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី KIM Sun-Mi ប្រធានមន្ទីរពេទ្យ Fatima បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូត កម្ពុជា លោក ឡុង ឌីម៉ង់ និងប្រតិភូដែលបានអញ្ជើញមក និងបានលើកឡើងបន្ថែមថា ថ្ងៃនេះបានកើតឡើងពិតប្រាកដហើយនូវគម្រោងដែលបានជជែកគ្នាពីពេលមុន ដែលស្ថានទូតកម្ពុជាបានស្នើដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA ក្នុងការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ ប្រធានមន្ទីរពេទ្យបន្ថែមថានេះជាការចាប់ផ្ដើម ហើយនិងមានបន្ដបន្ទាប់ទៀត ដែលគម្រោងបន្ទាប់គឺមន្ទីរពេទ្យ នឹងផ្ដល់ជូនដល់ស្ថានទូតកម្ពុជាក្នុងការព្យាបាលប្រជាជនកម្ពុជាដែលជួបការលំបាក និងខ្វះជីវភាព។
ឯកអគ្គរាជទូតក៏បានធ្វើការថ្លែងអំណរគុណដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA និងសន្យាខិតខំបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាគុណប្រយោជន៍ដល់ប្រជាជនទាំងពីរហើយក៏សូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ Fatima មេត្តាបន្ដជួយឡើងវិញដល់កម្ពុជា និងប្រជាជនកម្ពុជា លើវិស័យសុខាភិបាល ដែលកន្លងមកមន្ទីរពេទ្យបានធ្វើសកម្មភាពជាច្រើន តាមបណ្ដាខេត្តជាច្រើន បន្ទាប់ពីបានអាក់ខានមួយរយៈកាល។