អគ្គិភ័យមួយឆាបឆេះចេញពីជាន់ទី១២ នៃអាគារ២៤ជាន់មួយនៅប៊ូសាន បណ្តាលឱ្យបាត់បង់ ជីវិតម្នាក់ និងរបួស២៤នាក់

ប៊ូសាន៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងអាគារអាផាតមិនមួយនៅក្នុងទីក្រុងប៊ូសាននៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឱ្យមានមនុស្សម្នាក់បាត់ បង់ ជីវិត និង២៣នាក់ទៀតរងរបួស​ បើតាមអជ្ញាធរពន្លត់អគ្គិភ័យរបស់កូរ៉េរាយការណ៍។

អគ្គិភ័យនេះបានចាប់ឆាបឆេះនៅវេលាម៉ោង៦:៥០នាទីព្រឹកចេញពីជាន់ទី១២នៅក្នុងអាគារ២៤ជាន់មួយនៅភាគខាងជើងទីក្រុងប៊ូសាន ដែលមានចម្ងាយប្រមាណ៤៥០គីឡូមែត្រពីទីក្រុងសេអ៊ូល។

ក្នុងគ្រោះអគ្គិភ័យនេះ បុរសម្នាក់វ័យ៤០ឆ្នាំត្រូវបានរកឃើញបាត់ បង់ ជីវិតនៅក្នុងបន្ទប់ដេករបស់ខ្លួននៅនឹងជាន់ទី១២នោះតែម្តង ខណៈដែលមនុស្ស២៣នាក់ទៀតរួមទាំងកូនរបស់បុរសរងគ្រោះនោះផងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារឈ្លក់នឹងផ្សែងអគ្គិភ័យ បើតាមមន្ត្រីពន្លត់អគ្គិភ័យ។

បើតាមការរៀបរាប់របស់ប៉ូលីស ជនរងគ្រោះដែលបាត់ បង់ ជីវិត​ និងកូនប្រុសខ្លួនរស់នៅក្នុងបន្ទប់នាជាន់ទី១២នោះ។ នៅពេលដែលភ្លើងចាប់ផ្តើមឆាបឆេះ កូនប្រុសនោះបានបើកទ្វាររត់ចេញមករួច ប៉ុន្តែមិនអាចទៅជួយឳពុករបស់ខ្លួននៅក្នុងបន្ទប់មួយផ្សេងទៀត ដោយសារតែភ្លើងឆាបឆេះខ្លាំងទៅហើយ នេះបើតាមការរាយការណ៍ពីមន្ត្រីពន្លត់អគ្គិភ័យ។ ខណៈដែលអ្នកដទៃទៀតត្រូវបានជម្លៀសចេញក្រោយពីមានការរាយការណ៍ពីការឆាបឆេះឡើង។

យ៉ាងណាក៏ដោយ អណ្តាតភ្លើងត្រូវបានពន្លត់រលត់ទាំងស្រុង៤០នាទីក្រោយមក។ អាគារអាផាតមិននេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៥ ហើយមិនមានបំពាក់ប្រព័ន្ធបាញ់ទឹកពន្លត់អគ្គិភ័យនោះទេ។ ចំពោះហេតុការណ៍នេះ ប៉ូលីសកំពុងបន្តធ្វើការស៊ើបអង្កេតបន្តផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *