តាមការប៉ាន់ស្មាន ការបញ្ចូលគ្នារវាងក្រុមហ៊ុនKorean Air និងAsiana Airlines នឹងបង្កើនចំណូលប្រចាំឆ្នាំដល់ជាង៣០០លានដុល្លារ ក្នុងឆ្នាំខាងមុខ

សេអ៊ូល៖ ការបញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍យក្សរបស់កូរ៉េ Korean Air និងក្រុមហ៊ុន Asiana Airlines នឹងបង្កើនផលចំណេញប្រចាំឆ្នាំដល់ជាង៣០០ប៊ីលានវ៉ុន (ប្រមាណ២៦៩លានដុល្លារ) នេះបើតាមការលើកឡើងរបស់ប្រធានធនាគារអភិវឌ្ឍកូរ៉េនៅថ្ងៃចន្ទសប្តាហ៍នេះ។

លោក លី ដុងហ្គុល (Lee Dong-gull) ជាប្រធាននៃធនាគារអភិវឌ្ឍកូរ៉េដែលជាធនាគាររដ្ឋកូរ៉េដែលផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការបញ្ចូលគ្នានេះ បានលើកឡើងថាបើតាមការប៉ាន់ស្មានការបញ្ចូលគ្នា រួមនឹងស្ថានភាពសេដ្ឋកិច្ចល្អឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការស្តាររចនាសម្ព័ន្ធប្រតិបត្តិការមួយចំនួនផងនោះ នឹងជួយបង្កើនប្រសិទ្ធផលនៃប្រតិបត្តិការ និងកាត់បន្ថយចំណាយណាដែលគេអាចគ្រប់គ្រងបានផងដែរ។

សូមបញ្ជាក់ថាកាលពីសប្តាហ៍កន្លងទៅ ធនាគារអភិវឌ្ឍកូរ៉េនេះបានផ្តល់ទឹកប្រាក់ជាង៨០០ប៊ីលានវ៉ុនដល់ក្រុមហ៊ុន Hanjin KAL ដែលជាម្ចាស់ក្រុមហ៊ុនធំរបស់ក្រុមហ៊ុនអាកាសចរ Korean Air ដើម្បីអាចធ្វើការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Asiana Airlines ហើយធ្វើការបញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងពីរនេះក្នុងទំហំទឹកប្រាក់ជាង២.៥ទ្រីលានវ៉ុនឯណោះ។

យ៉ាងណាមិញ ក៏មាននូវការប្តឹងផ្តល់មួយចំនួនពាក់ព័ន្ធនឹងការបញ្ជូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះផងដែរ ដោយចោទប្រកាន់ទៅលើផែនការរបស់ធនាគារអភិវឌ្ឍកូរ៉េក្នុងការជួយដល់ក្រុមហ៊ុន Hanjin KAL នៅក្នុងគម្រោងដ៏ធំសម្បើមនេះ ថាមានលក្ខណៈខុសទៅនឹងច្បាប់ហិរញ្ញវត្ថុ និងធុរកិច្ចមួយចំនួន។ បណ្តឹងនេះត្រូវបានដាក់ជូនដល់តុលាការហើយដែរ ប្រសិនបើតុលាការកាត់ក្តីទៅតាមពាក្យបណ្តឹងនោះ ការរួមបញ្ចូលគ្នានេះនឹងត្រូវរំសាយចោលវិញផងដែរ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *