ប្រតិភូស្ថានទូតកម្ពុជាចុះទស្សនកិច្ចនៅ DGB Financial Group និងជួបពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

កូរ៉េខាងត្បូង៖ ប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនកិច្ចនៅទីស្នាក់ការ DGB Financial Group និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងយល់ និងពង្រីកកិច្ចសហប្រតិបត្តិការ ។

លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងសហការី កាលពីរសៀលថ្ងៃសុក្រ ទី ២០ ខែវិច្ឆិកា បានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធ DGB Financial Group និង DGB Bank នៅទីស្នាក់ការនាទីក្រុងថេហ្គូ លោក Kim Tae Oh។

លោក Kim Tae Oh ប្រធានសម្ព័ន្ធ DGB Financial Group បានថ្លែងអំណរគុណដល់ប្រតិភូស្ថានទូតកម្ពុជាដែលបានបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល ហើយនិងសូមថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ដែលបានជួយបង្កលក្ខណៈដល់ធនាគារ ក៏ដូចជាការគាំទ្រដល់សេវាកម្មធនាគារដែលកំពុងបំពេញប្រតិបត្តិការជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាសហគមន៍កម្ពុជានៅប្រទេសកូរ៉េ។

សូមបញ្ជាក់ថាធនាគារ DGB Bank របស់កូរ៉េបាននឹងកំពុងមានប្រតិបត្តិការជាច្រើនសាខាផងដែរនៅកម្ពុជា។

ក្នុងឱកាសនោះដែរលោកប្រធានក៏បានស្នើសុំលោកឯកអគ្គរាជទូតជួយណែនាំបុគ្គលិកសំខាន់ៗមួយចំនួន ដើម្បីអាចកាន់មុខនាទីសំខាន់ៗក្នុងធនាគារ DGB Bank នៅកម្ពុជាផងដែរ ដែលលោកឯកអគ្គរាជទូតទទួលយកសំណើរនេះដោយក្តីរីករាយ។

លោកទូតក៏បានលើកឡើងថា ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីមកកាន់សាធារណរដ្ឋកូរ៉េ និងការអនុវត្តនូវគោលនយោបាយ New Southern Policy របស់លោកប្រធានាធិបតី មូន ជេអ៊ីន ប្រទេសកម្ពុជា និងកូរ៉េបច្ចុប្បន្នបានដំណើរការ និងបញ្ចប់ការចរចាជុំទី៣លើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី FTA រវាងប្រទេសទាំងពីរ ហើយកាន់តែល្អប្រសើរនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្មីៗកន្លងទៅគឺសម្រេចបានកិច្ចព្រមព្រៀងផ្លាស់ប្ដូរពាណិជ្ជកម្មសេរីរវាងប្រទេសនៃសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន អូស្រ្តាលី ញ៉ូសឺលេន RCEP។

លោកឯកអគ្គរាជទូតបានបញ្ជាក់បន្តថា នេះជាឱកាស និងកាលានុវត្តភាពពិសេសមួយសម្រាប់វិនិយោគិនកូរ៉េ និងវិស័យធនាគារកូរ៉េដើម្បីអាចបណ្ដាក់ និងពង្រីកទុនរកស៊ីនៅកម្ពុជា ហើយក៏ស្នើសុំលោកប្រធាន DGB Financial Group ដើម្បីពិនិត្យសិក្សាលើឱកាសនេះ ដែលស្ថានទូតនឹងគាំទ្របង្កលក្ខណៈឱ្យកាន់តែមានប្រសើរបន្ថែមទៀត។

ក្រោយពីជំនួបពិភាក្សាការងាររួចមក ប្រតិភូទាំងពីរភាគី បានជជែកគ្នាដោយភាពស្និទ្ធស្នាល និងទទួលទានអាហាររួមគ្នាផងដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *