សេអ៊ូល៖ ប្តីប្រពន្ធខ្មែរមួយគូ រួមនឹងទារកអាយុ ១១ ខែ មួយផង ដែលធ្វើដំណើរពីសហរដ្ឋអាម៉េរិក ឆ្លងកាត់ព្រលានយន្តហោះអ៊ីនឆន់ សេអ៊ូល ក្នុងគោលដៅទៅព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានអាក់ខានជាប់គាំងនៅក្នុងព្រលានយន្តហោះអ៊ីនឆន់ តាំងពីថ្ងៃអាទិត្យទី ០៣ ខែឧសភា ដោយសារតែការរឹតបន្តឹងក្នុងការធ្វើដំណើរក្នុងកាលៈទេសៈជម្ងឺកូវីដ-១៩ នោះ ត្រូវបានទទួលការជួយសម្របសម្រួលពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសរួចរាល់វិញហើយ។
ប្តីប្រពន្ធទាំងពីរ និងទារកតូចនេះ នឹងអាចបន្តដំណើរវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី ៨ ឧសភា ខាងមុខនេះ។
ក្នុងនោះដែរ ក្នុងនាមជាអាណាព្យាបាលឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំលោក ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ចុះសួរសុខទុក្ខ និងពាំនាំនូវសមានចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្ដមឧបនាយកនាយករដ្ឋមន្ត្រី មកជូនពួកគាត់ដល់ក្នុងព្រលានយន្តហោះ ដើម្បីសម្រួលការលំបាកដែលត្រូវជាប់គាំងក្នុងព្រលានយន្តហោះអ៊ីនឆន់ ទម្រាំអាចបន្តដំណើរទៅកម្ពុជាបានវិញ។