ចែករំលែក! បេក្ខជនប្រឡងជាប់តេស្តភាសាកូរ៉េ Special EPS-TOPIK ត្រូវមកដាក់ពាក្យរកការងារធ្វើនៅកូរ៉េចាប់ពីខែធ្នូក្រោយទៅ ដោយភ្ជាប់ឯកសារទាំងនេះ

ភ្នំពេញ៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារបានចេញសេចក្តីជូនដំណឹងដល់បងប្អូនខ្មែរយើង ដែលបានប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េវគ្គពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរឆ្នាំ២០២០ តាមប្រព័ន្ធកុំព្យូទ័រ (Special EPS-TOPIK) អំពីការដាក់ពាក្យស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង។

តាមរយៈសេចក្តីជូនដំណឹង បងប្អូនដែលបានប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េនេះ ត្រូវមកដាក់ពាក្យស្វែងរកការងារនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងធ្វើឡើងនៅទីតាំងរបស់គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ ចាប់ពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច។

ក្នុងនោះដែរ ឯកសារពាក់ព័ន្ធដែលត្រូវភ្ជាប់មកជាមួយមាន៖

-ពាក្យសុំស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េ

-កិច្ចសន្យាគំរូ (គំរូរបស់ គ.ប.ប.ព.ប)

-វិញ្ញាបនបត្រពិនិត្យសុខភាព (ច្បាប់ដើម និងថតចម្លងស-ខ្មៅ)

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម និងថតចម្លងពណ៌ធម្មជាតិ)

-លិខិតឆ្លងដែន (ច្បាប់ដើម និងថតចម្លងពណ៌ធម្មជាតិ)

-សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម ០៣ច្បាប់) និងថតចម្លងពណ៌សខ្មៅ

-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម និងថតចម្លងសខ្មៅ)

-សៀវភៅធនាគារនៅកម្ពុជា (ច្បាប់ដើម និងថតចម្លងសខ្មៅ)

-រូបថតទំហំ ៣.៥ x ៤.៥ (ផ្ទៃខាងក្រោយពណ៌ស)

-ផ្សេងៗ (ឧទា. វិញ្ញាបនបត្រ សញ្ញាបត្រ ។ល។) (ច្បាប់ដើម និងថតចម្លងសខ្មៅ)

Leave a Reply

Your email address will not be published. Required fields are marked *