ប្រយ័ត្នផង! សេអ៊ូល និងប្រជុំជនជុំវិញតម្លើងគម្លាតសង្គមដល់កម្រិតទី៣ចាប់ពីថ្ងៃស្អែកហើយ ខណៈប្រតិបត្តិការទីតាំងផ្សេងៗ និងការជួបជុំជាច្រើនត្រូវហាមឃាត់

សេអ៊ូល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងត្បូងសម្រេចតម្លើងវិធានការគម្លាតសង្គមនៅទីក្រុងសេអ៊ូល និងប្រជុំជនជុំវិញពីកម្រិត១.៥ ដល់កម្រិត២ហើយ ក្រោយពីចំនួ​ននៃករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩បន្តកើនឡើងគួរឱ្យបារម្ភនោះ។

ក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលកូរ៉េ ការដាក់វិធានការគម្លាតសង្គមកម្រិត២នៅក្នុងទីក្រុងសេអ៊ូល និងប្រជុំជនជុំវិញនេះនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារស្អែកនេះទៅ ខណៈដែលខេត្តធំៗមួយចំនួនដែលនៅភាគខាងត្បូងប្រទេសនឹងត្រូវតម្លើងវិធានការគម្លាតសង្គមមកកម្រិត១.៥ ដែលនឹងត្រូវអនុវត្តពីថ្ងៃអង្គារនេះទៅដែរ។

ក្នុងវិធានការគម្លាតសង្គមដែលមាន៥កម្រិត គឺកម្រិត១ កម្រិត១.៥ កម្រិត២ កម្រិត២.៥ និងកម្រិត៣នេះ សម្រាប់វិធានការគម្លាតសង្គមកម្រិត២ ប្រតិបត្តិការនៃក្លឹបកម្សាន្តរាត្រី បារ និងទីតាំងមួយចំនួនដែលមានហានិភ័យខ្ពស់ត្រូវបានហាមឃាត់ ខណៈដែលម្ហូបអាហារអាចត្រូវដាក់លក់បានតាមភោជនីយដ្ឋានត្រឹមម៉ោង៩យប់ប៉ុណ្ណោះ រីឯទីតាំងហាត់កីឡា ឬក្លឹបលេងប៊ីយ៉ែរជាដើមត្រូវបិទប្រតិបត្តិការត្រឹមម៉ោង៩យប់ដូចគ្នា។ ក្នុងនោះដែរ ទីតាំងសាធារណៈនានាអាចទទួលមនុស្សបានត្រឹមតែ៣០%នៃចំនួនសរុបប៉ុណ្ណោះ ខណៈទីតាំងកីឡាដ្ឋានអាចមានទស្សនិកជនត្រឹមតែ១០%ប៉ុណ្ណោះ។

ការជួបជុំដែលមានមនុស្សលើសពី១០០នាក់ទៅក៏ត្រូវហាមឃាត់។ ចំពោះសាលារៀនវិញ សិស្សដែលអាចទៅរៀននៅសាលារៀនផ្ទាល់មានត្រឹមតែ១/៣នៃសិស្សសរុបប៉ុណ្ណោះសម្រាប់ថ្នាក់មតេ្តយ្យ ខណៈថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យអាចមានសិស្សទៅសាលាផ្ទាល់ត្រឹម២/៣ប៉ុណ្ណោះនៃចំនួនសិស្សសរុប។

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក ផាក ណុងហូ (Park Neung-hoo) បានលើកឡើងថារលកទីបីនៃការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩កំពុងតែកើតឡើង ដូចនេះវិធានការចាំបាច់នានាត្រូវតែដាក់ចេញដើម្បីសម្រួលស្ថានការណ៍នេះ។ លោកបានលើកឡើងបន្តទៀតថាក្រោមវិធានការគម្លាតសង្គមកម្រិត២នៅក្នុងទីក្រុងសេអ៊ូលនេះ យ៉ាងហោចណាស់អ្នកធ្វើការរដ្ឋ និងតាមក្រុមហ៊ុននានាចំនួន១/៣នឹងត្រូវធ្វើការពីផ្ទះចាប់ពីថ្ងៃអង្គារនេះទៅ ខណៈដែលការជួបជុំនានាដែលមិនចាំបាច់នឹងត្រូវផ្អាក ឬពន្យារពេលសិន។

នៅថ្ងៃចន្ទនេះ ចំនួនករណីឆ្លងថ្មីមានដល់២៧១ករណីដែលបានថយចុះបន្តិចមកនៅក្រោម៣០០ករណី ក្រោយរយៈពេលប៉ុន្មានថ្ងៃនេះករណីឆ្លងលើសពី៣០០ករណីរហូតដល់ប្រាំថ្ងៃជាប់គ្នានោះ។ បច្ចុប្បន្នតួលេខសរុបនៃអ្នកដែលបានឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូងកើនដល់ ៣១០០៤ករណីហើយ ខណៈអ្នកដែលបានជាសះស្បើយទាំងស្រុងមានដល់២៦៥៣៩ករណីផងដែរ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *