សេអ៊ូល៖ យ៉ាងហោចណាស់មានមនុស្ស៣៩នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ មានប្រភពចេញពីសាលាបង្រៀនគួរមួយកន្លែងក្នុងទីក្រុងសេអ៊ូលសម្រាប់ត្រៀមការប្រឡងគ្រូបង្រៀនថ្នាក់ជាតិដែលកំពុងធ្វើឡើងនៅថ្ងៃសៅរ៍នេះ បើតាមការលើកឡើងរបស់អជ្ញាធរសង្កាត់ផ្ទាល់នៅថ្ងៃសុក្រម្សិលមិញនេះ។
គិតត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញ យ៉ាងហោចណាស់មនុស្ស៣៩នាក់ដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩មានប្រភពចេញពីវិទ្យាស្ថានទីតាំងបង្រៀនគួរត្រៀមប្រឡងមួយនៅសង្កត់ណរយ៉ាងជីន (Noryangjin) នៅភាគខាងត្បូងក្រុងសេអ៊ូល។ ក្នុងចំណោមអ្នកទាំងអស់នោះមានសិស្ស គ្រូបង្រៀន និងបុគ្គលិកនៃសាលាបង្រៀនគួរនោះផងដែរ។
ក្នុងនោះដែរ អជ្ញាធរបានពិនិត្យលើមនុស្ស២១៤នាក់ដទៃទៀតដែលបានប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានទាំងអស់ ឱ្យធ្វើចត្តាឡីស័កនិងពិនិត្យរកជំងឺកូវីដ-១៩ ខណៈដែលអ្នកដែលមានទំនាក់ទំនងដទៃទៀតក៏កំពុងត្រូវអជ្ញាធរតាមរកបន្ថែមទៀតផងដែរ។
ព័ត៌មាននេះជាព័ត៌មានគួរឱ្យបារម្ភដោយសារអ្នកដែលពាក់ព័ន្ធមួយចំនួនត្រូវត្រៀមប្រឡងថ្នាក់ជាតិនៅក្នុងសប្តាហ៍នេះហើយដែរនោះ ក្រសួងអប់រំកូរ៉េបានរៀបចំសម្រួលឱ្យមានបន្ទប់ប្រឡងចំនួន១២២បន្ទប់ និងអនុរក្ស១៧៣នាក់ដើម្បីត្រួតពិនិត្យលើបេក្ខជនដែលកំពុងជាប់ធ្វើចត្តាឡីស័កអាចធ្វើការប្រឡងបានដូចគ្នា។ នៅក្នុងបន្ទប់ប្រឡង តុប្រឡងនឹងត្រូវដាក់ឱ្យនៅចម្ងាយពីគ្នា២ម៉ែត្រ និងត្រូវអនុវត្តទៅតាមវិធានការគម្លាតសង្គមចាំបាច់នានាទាំងអស់យ៉ាងតឹងរ៉ឹងបំផុត។
បើតាមព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ មានបេក្ខជនជាង៦ម៉ឺននាក់ទូទាំងប្រទេសបានទៅប្រឡងថ្នាក់ជាតិសម្រាប់គ្រូបង្រៀន នៅក្នុង១១០មណ្ឌលប្រឡងទូទាំងប្រទេស។
សូមបញ្ជាក់ថាអជ្ញាធរសុខាភិបាលកូរ៉េកំពុងព្រួយបារម្ភខ្លាំងលើការផ្ទុះជាថ្មីនូវរលកនៃការឆ្លងជំងឺកូវីដ-១៩ទ្រង់ទ្រាយធំក្នុងអំឡុងរដូវរងាខាងមុខនេះ ខណៈដែលប៉ុន្មានថ្ងៃនេះការឆ្លងនៅបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយថ្ងៃសៅរ៍នេះមានករណីឆ្លងថ្មីដល់ទៅ៣៨៦ករណី ដែលជាថ្ងៃទី៤ហើយដែលករណីឆ្លងថ្មីមានចំនួនលើសពី៣០០ករណី បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News