អបអរសាទរ! កម្ពុជាទទួលបានចំណងដៃស្ពានមិត្តភាពកម្ពុជា-កូរ៉េថ្មី តភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល ពីមិត្តកូរ៉េខាងត្បូងតបតាមការស្នើរបស់សម្តេចតេជោ

កម្ពុជា៖ រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់លោកប្រធានាធិបតីមូន ជេអ៊ីន បានឯកភាពក្នុងការជួយសាងសង់ស្ពានមួយខ្សែតភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកណ្តាលហើយ ដែលឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន។

បើតាមប្រសាសន៍របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃសុក្រទី២០ ខែវិច្ឆិកានេះបានឱ្យដឹងថាការឯកភាពជួយសាងសង់ស្ពាននេះគឺតបទៅតាមសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងបន្តសិក្សា និងរើសទីតាំង។ លោកទេសរដ្ឋមន្ត្រីមិនទាន់បញ្ជាក់ទីតាំង និងទំហំទឹកប្រាក់សម្រាប់គម្រោងសាងសង់ថ្មីនេះនោះទេ ដោយលោកគ្រាន់តែអាចបញ្ជាក់បានថានេះជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងភូមិសាស្រ្តនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់សាធារណរដ្ឋកូរ៉េនាដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់លោកប្រធានាធិបតី មូន ជេអ៊ីន អំពីសំណើសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា ដោយសម្តេចតេជោបានលើកឡើងថាបច្ចុប្បន្ននៅកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ប៉ុន្តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅឡើយទេ។

ក្នុងនោះដែរ សម្តេចក៏ធ្លាប់បានបញ្ជាក់ពីទីតាំងដែលសម្តេចចង់បានស្ពានថ្មីនេះគឺនៅក្នុងភូមិសាស្រ្តតំបន់ជ្រោយចង្វារ ឆ្ពោះទៅស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលនៃខេត្តកណ្តាល។ ស្ពាននេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបសម្រាប់ធ្វើដំណើរ និងអាចដឹកជញ្ជូនកសិផលរបស់ពួកគេទៅមកពីភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ។

Leave a Reply

Your email address will not be published. Required fields are marked *