ភ្នំពេញ៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារកម្ពុជាបានជូនដំណឹងអំពីកាលបរិច្ឆេទនៃការចុះឈ្មោះពិនិត្យសុខភាពសម្រាប់បេក្ខជនដែលបានប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េវគ្គពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរឆ្នាំ២០២០ (Special EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ។
តាមរយៈសេចក្តីជូនដំណឹង ការចុះឈ្មោះពិនិត្យសុខភាពនឹងធ្វើឡើងនៅទីតាំងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសផ្ទាល់ដែលស្ថិតនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ កាលបរិច្ឆេទត្រូវចែកចំនួន៣ថ្ងៃនៅថ្ងៃទី២៣ ដល់២៥ ខែវិច្ឆិកា ២០២០នេះ ដែលមានវេនព្រឹក និងរសៀល ដោយបេក្ខជនត្រូវអញ្ជើញទៅចុះឈ្មោះពិនិត្យផ្អែកតាមលេខកូដប្រឡងរបស់ខ្លួន។
ក្នុងនោះឯកសារដែលត្រូវភ្ជាប់មកជាមួយរួមមាន៖
១. លិខិតឆ្លងដែនច្បាប់ដើម (ច្បាប់ដើម និងថតចម្លង២ច្បាប់)
២. បង្កាន់ដៃសុំសិទ្ធិប្រឡងតេស្តសមត្ថភាពភាសាកូរ៉េពិសេសឆ្នាំ២០២០ ច្បាប់ដើម
៣. រូបថត ៣.៥ x ៤.៥ ផ្ទៃខាងក្រោយព័ណ៌សចំនួន០៤សន្លឹក។