កូវីដ-១៩នៅកូរ៉េនៅបន្តកើនឡើងខ្លាំងលើស៣០០ករណីបីថ្ងៃជាប់គ្នាហើយ ខណៈដែលអជ្ញាធរបារម្ភកាន់តែខ្លាំងពីរលកថ្មីនៃការឆ្លងទ្រង់ទ្រាយធំ

សេអ៊ូល៖ ករណីឆ្លងជំងឺកូវីដ-១៩នៅកូរ៉េខាងត្បូងកើនលើសពី ៣០០ ករណី៣ថ្ងៃជាប់គ្នាហើយត្រឹមថ្ងៃសុក្រនេះ ខណៈដែលគេកំពុងបារម្ភពីការកើតឡើងនូវរលកថ្មីនៃការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំ នេះបើតាមការរាយការណ៍របស់អជ្ញាធរសុខាភិបាលនៅថ្ងៃសុក្រនេះ។

នៅថ្ងៃសុក្រនេះមានការរាយការណ៍ពីការឆ្លងថ្មីដល់ទៅ៣៦៣ករណី ដែលក្នុងនោះ៣២០ករណីជាករណីឆ្លងក្នុងស្រុក។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ចំនួននៃករណីឆ្លងកូវីដ-១៩សរុបកើនដល់លើសពី៣ម៉ឺនករណីហើយនាពេលនេះ គឺ៨០ថ្ងៃក្រោយពីករណីឆ្លងសរុបកើនដល់២ម៉ឺនករណីកាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ។

ក្នុងចំណោម៣២០ករណីដែលជាករណីឆ្លងក្នុងស្រុកនោះ មាន២១៨ករណីកើតនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗជុំវិញដែលមានប្រជាជនកកកុញដល់ទៅជាងជាង២០លាននាក់នោះ។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីចំនួន១២៧ករណី ខណៈដែលខេត្តឃ្យ៉ុងគីមាន៦២ករណី និងអ៊ីនឆន់មាន២៩ករណី។ ហើយចំណែកឯខេត្ត និងតំបន់ផ្សេងៗដែលនៅក្រៅពីតំបន់សេអ៊ូល និងទីប្រជុំជនជុំវិញសេអ៊ូលនោះមានករណីឆ្លងថ្មីដល់ទៅ១០០ករណី ពីរថ្ងៃជាប់គ្នាផងដែរ។

ជាសញ្ញាគួរឱ្យព្រួយបារម្ភ ករណីឆ្លងថ្មីបានកើនឡើងដល់៣ខ្ទង់ លើសពី១០០ករណីចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកាមក ហើយបានកើនលើសពី៣០០ករណីចាប់តាំងពីថ្ងៃពុធនេះមក ជាករណីដែលកើនលើសពី៣០០ករណីលើកដំបូងចាប់តាំងពីចុងខែសីហាមក។

អជ្ញាធរសុខាភិបាលលើកឡើងថាការកើនឡើងគួរឱ្យព្រួយបារម្ភនេះបណ្តាលមកពីការឆ្លងតៗគ្នាតាមរយៈការជួបជុំគ្នាលក្ខណៈតូចៗទូទាំងប្រទេស ដែលនាំឱ្យមានការពិបាកក្នុងការស្វែងរកប្រភពឆ្លង និងអ្នកដែលបានពាក់ព័ន្ធបន្តដើម្បីអនុវត្តវិធានការចត្តាឡីស័កបាននោះ។

រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការតម្លើងកម្រិតគម្លាតសង្គមដល់កម្រិត១.៥នៅទីក្រុងសេអ៊ូល និងទីប្រជុំជនជុំវិញរយៈពេល២សប្តាហ៍ដោយចាប់អនុវត្តពីថ្ងៃព្រហស្បត្តិ៍នេះទៅ។ យ៉ាងណាក៏ដោយការបន្តកើនឡើងនៃករណីឆ្លងថ្មីដ៏គំហុកនេះតម្រូវឱ្យអជ្ញាធរពិចារណាធ្វើការរឹតបន្តឹងបន្ថែមទៀតចំពោះកម្រិតនៃវិធានការគម្លាតសង្គមនេះផងដែរ ជាពិសេសនៅក្នុងតំបន់ដែលមានការឆ្លងតៗគ្នាច្រើន។

ក្នុងនោះដែរ ទីក្រុងស៊ុនឈុន (Suncheon) នៅក្នុងខេត្តចូឡាភាគខាងត្បូង ប្រមាណ៤១៥គីឡូមែត្រពីទីក្រុងសេអ៊ូលបានក្លាយជាទីក្រុងដំបូងគេដែលបានអនុវត្តវិធានការគម្លាតសង្គមដល់កម្រិត២ចាប់ពីថ្ងៃសុក្រនេះទៅ។

សម្រាប់បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ចំនួន២៦២៦៣នាក់ត្រូវបានព្យាបាលជាទាំងស្រុងហើយ ខណៈដែលមានអ្នកបន្តព្យាបាលចំនួន៣២៥៣នាក់ទៀត។

Leave a Reply

Your email address will not be published. Required fields are marked *