រដ្ឋមន្ត្រីការបរទេសចិនអាចនឹងធ្វើទស្សនកិច្ចមកកាន់ក្រុងសេអ៊ូលសប្តាហ៍ក្រោយ ពិភាក្សាបញ្ហាសំខាន់ៗក្នុងតំបន់ បើតាមប្រភពការទូតបញ្ជាក់ឱ្យដឹង

សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសចិនលោក​ វ៉ាង យី អាចនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលនៅសប្តាហ៍ក្រោយដែលអាចនឹងទទួលជួបដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យ៉ុងវ៉ា បើតាមប្រភពការទូតដែលបញ្ចេញឱ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។

តាមប្រភពការទូតអំពីដំណើរទស្សនកិច្ចខាងលើនេះ គេរំពឹងថាអាចជាដំណើរទស្សនកិច្ចដែលនឹងផ្តោតលើការពិភាក្សាពីឥទ្ធិពលមកលើតំបន់ចំពោះការផ្លាស់ប្តូរនូវថ្នាក់ដឹកនាំរបស់រដ្ឋបាលនៅអាម៉េរិកដែលទើបនឹងជាប់ឆ្នោតថ្មី ដែលលោកប្រធានាធិបតីទើបនឹងជាប់ឆ្នោត ចូ ប៊ីដែន បានលើកឡើងថាគោលនយោបាយថ្មីរបស់អាម៉េរិកនឹងចាប់ផ្តើមពង្រឹងទំនាក់ទំនងឡើងវិញជាមួយដៃគូសម្ព័ន្ធមិត្តរ​បស់ខ្លួន និងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនឡើងវិញ និងជាពិសេសគឺឆ្លើយតបទៅនឹងសកម្មភាពរបស់ចិននៅក្នុងតំបន់ផងដែរ។

ដំណើរទស្សនកិច្ចមកកូរ៉េខាងត្បូងអាចនឹងរៀបចំនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យឺ ទៅប្រទេសជប៉ុនត្រូវបានបញ្ចប់នៅសប្តាហ៍ក្រោយនេះដែរ។

ក្នុងនោះដែរ ការរៀបចំត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកទស្សនកិច្ចនៅកូរ៉េខាងត្បូងនាពេលខាងមុខក៏អាចជាប្រធានបទសម្រាប់ពិភាក្សាផងដែរ ហើយក្រុងសេអ៊ូលក៏អាចនឹងជម្រុញឱ្យចិនជួយគាំទ្រក្នុងការរៀបចំនូវកិច្ចប្រជុំកំពូលត្រីភាគីរវាងកូរ៉េខាងត្បូង ចិន និងជប៉ុនផងដែរ ខណៈដែលទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនហាក់នៅបន្តល្អក់កករជាពិសេសដោយសារបញ្ហាប្រវត្តិសាស្រ្តរបស់ខ្លួន។ ចំណែកឯបញ្ហាដទៃទៀតដែលអាចពិភាក្សាដែរនោះ មានដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាកូវីដ-១៩ និងបញ្ហាកូរ៉េខាងជើងផងដែរ។

សូមបញ្ជាក់ថាលោករដ្ឋម​ន្ត្រីការបរទេស វ៉ាង យី បានខកខានដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូលកាលពីខែមុន ដែលអាចបណ្តាលមកពីការរង់ចាំដល់ក្រោយកិច្ចប្រជុំបក្សកុំម្មុយនីស្តចិន និងលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកសិន។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *