ដំណឹងល្អ! ក្រុមហ៊ុន Pfizer គ្រោងនឹងស្នើសុំការអនុញ្ញាតដើម្បីចែកចាយវ៉ាក់សាំងខ្លួន ក្រោយលទ្ធផលធ្វើតេស្ត៣ដងបង្ហាញប្រសិទ្ធភាពដល់ ៩៥%

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនវេជ្ជសាស្រ្ត Pfizer និងដៃគូខ្លួន BioNTech គ្រោងនឹងដាក់បេក្ខភាពវ៉ាក់សាំងកូវីដ-១៩របស់ខ្លួនសម្រាប់ស្នើសុំការអនុញ្ញាតផ្លូវការឱ្យប្រតិបត្តិការក្នុងទីផ្សារ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាវ៉ាក់សាំងរបស់ខ្លួនបង្ហាញលទ្ធផលប្រសិទ្ធភាពដល់ទៅ ៩៥% ក្នុងការបង្ការជំងឺកូវីដ-១៩ បើតាមការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃពុធនេះ។

ក្រុមហ៊ុនវេជ្ជសាស្រ្តនិងដៃគូខ្លួនបានលើកឡើងថាបច្ចុប្បន្នខ្លួនបានបញ្ចប់រួចរាល់ការធ្វើតេស្តលើវ៉ាក់សាំងខ្លួនដំណាក់កាលទី៣ និងរកឃើញថាវ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពដល់ទៅ ៩៥% ក្នុងការបង្ការរោគសញ្ញាផ្សេងៗដែលបង្កពីមេរោគកូរ៉ូណានេះ ដែលកើនពីលទ្ធផល ៩០% កាលពីសប្តាហ៍កន្លងទៅ។

តាមលទ្ធផលដែលបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់ គេរកឃើញថាវ៉ាក់សាំងនេះមិនមានលទ្ធផលអវិជ្ជមានណាមួយគួរឱ្យកត់សម្គាល់លើអ្នកធ្វើតេស្តចំនួន ៤១១៣៥នាក់នោះទេ ដែលអ្នកទាំងនោះបានទទួលការសាកល្បងវ៉ាក់សាំងចំនួន២ដង។ ក្នុងនោះផលប៉ះពាល់ពីវ៉ាក់សាំងដែលគេកត់សម្គាល់បានមានត្រឹមតែការនឿយហត់អស់កម្លាំងប្រមាណ៣.៧% និងអាការៈឈឺក្បាលប្រមាណ២%ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយអ្នកជំនាញទាមទារឱ្យមានការផ្តល់នូវទិន្នន័យនៃការសាកល្បងវ៉ាក់សាំងនេះទាំងស្រុង ដើម្បីអាចវិភាគបានថាតើលទ្ធផលនិងប្រសិទ្ធភាពនៃវ៉ាក់សាំងពិតជាខ្ពស់ដូចដែលបានបញ្ជាក់ពីសំណាក់ក្រុមហ៊ុនមែនដែរឬទេ ដើម្បីអាចទទួលបានការអនុញ្ញាតឱ្យចាប់ផ្តើមប្រតិបត្តិការផ្តល់វ៉ាក់សាំងក្នុងទីផ្សារទូទាំងសាកលលោក។

ព័ត៌មានថ្មីនៃប្រសិទ្ធភាពវ៉ាក់សាំងនេះ ហាក់ផ្តល់ក្តីសង្ឃឹមខ្ពស់ដល់បណ្តារដ្ឋាភិបាល និងប្រជាជនទូទាំងសាកលលោក ខណៈដែលស្ថានភាពកូវីដ-១៩នៅមិនទាន់បង្ហាញភាពធូរស្បើយខ្លាំងនៅឡើយនោះ។ គិតត្រឹមថ្ងៃនេះមានអ្នកបាត់ បង់ជីវិតពីជំងឺរាតត្បាតនេះដល់ជាង១.៣លាននាក់ទូទាំងសាកលលោក ខណៈដែលមានយ៉ាងហោចណាស់ជិត២៥ម៉ឹននាក់នៅក្នុងសហរដ្ឋអាម៉េរិកតែឯង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់ ខ្លួននឹងធ្វើការផ្តល់នូវសំណើរផ្លូវការ រួមនឹងទិន្នន័យចាំបាច់នានាដើម្បីដាក់ជូនដល់រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាម៉េរិក អជ្ញាធរសុខាភិបាលដទៃទៀតនៅប្រទេសអឺរ៉ុប និងប្រទេសដទៃទៀតដើម្បីស្នើសុំការអនុញ្ញាតផ្លូវការសម្រាប់ប្រតិបត្តិការជាផ្លូវការ។

សូមបញ្ជាក់ថាដំណឹងល្អថ្មីនេះត្រូវបានប្រកាសក្រោយពីក្រុមហ៊ុនវេជ្ជសាស្រ្តមួយដទៃទៀត Moderna Inc. បានបង្ហាញនូវលទ្ធផលអំពីប្រសិទ្ធភាពនៃបេក្ខភាពវ៉ាក់សាំងរ​បស់ខ្លួនផងដែរ ដែលគេមើលឃើញថាអាចជាការប្រកួតប្រជែងដើម្បីអាចដណ្តើមទីផ្សារពិភពលោកដ៏ធំដែលកំពុងអន្ទះសាររង់ចាំវ៉ាក់សាំងនេះ។

ប្រែសម្រួលពី៖ សារព័ត៌មាន NBC News

Leave a Reply

Your email address will not be published. Required fields are marked *