សេអ៊ូល៖ ចំណាប់អារម្មណ៍សាធារណជនកូរ៉េចំពោះវប្បធម៌របស់កម្ពុជា រួមនឹងបណ្តាប្រទេសនៃតំបន់អាស៊ានកានតែមានភាពស៊ីជម្រៅ និងមានភាពស្រួចស្រាលជាងមុន នេះបើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ។
លោកឯកអគ្គរាជទូតបានរៀបរាប់ដូចនេះ ក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។ ក្នុងនោះដែរ លោកបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Center) ដែលតែងតែខិតខំអស់ពីសមត្ថភាពក្នុងការលើកយកនូវវប្បធម៌របស់បណ្តាប្រទេសអាស៊ាន រួមមានទាំងកម្ពុជាផងដែរនោះ មកដាក់បង្ហាញយ៉ាងល្អឥតខ្ចោះដល់សាធារណជនកូរ៉េដើម្បីបានមើល ទស្សនា និងស្វែងយល់បន្ថែមពីកម្ពុជា និងអាស៊ាន។
ក្នុងផុសនោះដែរ គេឃើញនូវវត្ថុសិល្បៈ គ្រឿងលម្អ រូបភាព សៀវភៅមគ្គុទេសន៍ រួមនឹងផលិតផលមួយចំនួនដែលសុទ្ធតំណាងឱ្យជាតិកម្ពុជា ត្រូវបានដាក់តាំងបង្ហាញយ៉ាងស្រស់ស្អាត។