រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េ៖ កូរ៉េខាងត្បូងនឹងស្នើឱ្យមានការជួបពិភាក្សាជាមួយភាគីកូរ៉េខាងជើង នៅពេលស្ថានការណ៍កូវីដ-១៩ស្ងប់

សេអ៊ូល៖ រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េខាងត្បូងលើកឡើងពីគោលបំណងក្នុងការចាប់ផ្តើមរៀបចំសំណើរសុំជួបពិភាក្សាផ្លូវការជាមួយភាគីកូរ៉េខាងជើង ក្រោយពេលដែលរលកនៃជំងឺកូវីដ-១៩ស្ងប់នាពេលខាងមុខ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីរួបរួមជាតិកូរ៉េ លោក លី អ៊ីនយ៉ុង (Lee In-young) បានថ្លែងដូច្នេះនៅក្នុងបទសម្ភាស៍មួយជាមួយនឹងស្ថានីយ៍ទូរទស្សន៍ KBS ខណៈដែលប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតថ្មីលោក ចូ ប៊ីដេនត្រូវបានគេមើលឃើញនឹងដើរតួសំខាន់ក្នុងការបើកការចរចារការទូតជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើងលើបញ្ហាឧបទ្វីបកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ។

“ខ្ញុំត្រៀមខ្លួនជានិច្ចសម្រាប់ផ្លាស់ប្តូរការពិភាក្សាគ្នាជាមួយភាគីកូរ៉េខាងជើងមិនថានៅទីតាំងណា ឬពេលវេលាណានោះទេ ប្រសិនបើកូរ៉េខាងជើងយល់ព្រមសំណើរនេះ ដែលខ្ញុំនឹងគ្រោងស្នើឡើងនៅក្រោយពេលដែរជំងឺកូវីដ-១៩ធូរស្រាលជាងមុន” នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី។

ក្នុងនោះដែរ យ៉ាងណាមិញលោករដ្ឋមន្ត្រីក៏បានធ្វើការបញ្ជាក់បន្ថែមថាបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េក្រោមការដឹកនាំរបស់ប្រធានាធិបតី មូន ជេអ៊ីនមិនទាន់ធ្វើការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងសំណើរពិភាក្សាជាមួយភាគីកូរ៉េខាងជើងនោះដែរ ចាប់តាំងពីការផ្តាច់ទំនាក់ទំនងនៅតាមព្រំដែនរវាងកូរ់េទាំងពីរក្រោយពេលដែលកូរ៉េខាងជើងបានបាញ់កំទេចអាគារមន្ត្រីទំនាក់ទំនងរវាងកូរ៉េទាំងពីរកាលពីប៉ុន្មានខែមុននោះ។

សូមបញ្ជាក់ថា ដំណើរការចរចាលើការរំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងបានជាប់គាំងតាំងពីជំនួបកំពូលរវាងមេដឹកនាំទាំងពីរកាលពីឆ្នាំ២០១៩កន្លងមកនៅទីក្រុងហាណូយ ដែលមិនមានលទ្ធផលអ្វីជាដុំកំភួននោះ ដោយភាគីទាំងពីរនៅតែបង្ហាញគោលជំហរផ្សេងគ្នាលើបញ្ហានេះ។

Leave a Reply

Your email address will not be published. Required fields are marked *