កូរ៉េខាងត្បូងប្រកាសបិទការនាំចូលបក្សីរស់ និងផលិតផលស៊ុតពីប្រទេសស៊ុយអែត ក្រោយរកឃើញករណីគ្រុនផ្តាសាយបក្សីនៅទីនោះ

សេអ៊ូល៖ រដ្ឋមន្ត្រីកសិកម្មកូរ៉េខាងត្បូងនិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងត្បូងនឹងធ្វើការហាមឃាត់ការនាំចូលសត្វបក្សី និងស៊ុតបក្សីពីប្រទេសស៊ុយអែតក្រោយពីប្រទេសស៊ុយអែតត្រូវបានគេរកឃើញថាមានករណីឆ្លងថ្មីនៃជំងឺគ្រុនផ្តាសាយបក្សីប្រភេទឆ្លងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីបានលើកឡើងថាប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើការហាមឃាត់ការនាំចូលបក្សីរស់ និងស៊ុតពីប្រទេសអឺរ៉ុបនេះក្រោយជំងឺផ្តាសាយបក្សីប្រភេទឆ្លងរាលដាលធ្ងន់ធ្ងរ (H5N8) ត្រូវបានគេរកឃើញនៅក្នុងប្រទេសស៊ុយអែត។ ក្នុងនោះដែរ គាត់ក៏បានផ្តល់អនុសាសន៍កុំឱ្យមានការទៅពិនិត្យ ឬនាំយកបក្សីរស់ពីក្នុងតំបន់ដែលមានការឆ្លង។

សូមបញ្ចាក់ថាកន្លងមកក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេក៏រកឃើញករណីគ្រុនផ្តាសាយបក្សីប្រភេទនេះចំនួន៤ករណីផងដែរក្នងុទឹកដីកូរ៉េខាងត្បូង ជាពិសេសនៅក្នុងដែនជំរកការពារសត្វព្រៃ ដែលនាំឱ្យមានការដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗដើម្បីបង្ការការរាលដាលនៃជំងឺដ៏គ្រោះថ្នាក់សម្រាប់បក្សីនេះផងដែរ។

ជំងឺផ្តាសាយបក្សី H5N8 នេះជាប្រភេទជំងឺដែលងាយនឹងឆ្លងរាលដាលខ្លាំង ហើយអាចធ្វើឱ្យបក្សីដែលប៉ះពាល់ជាមួយនឹងបក្សីដែលមានជំងឺឆ្លងបន្តគ្នាយ៉ាងលឿនជាពិសេសក្នុងបរិស្ថាននៃកសិដ្ឋានចិញ្ចឹមដែលមានបក្សីដល់រាប់រយ រាប់ពាន់ក្បាលនោះ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *