សេអ៊ូល៖ ករណីភាគច្រើនដែលល្មើសនឹងបម្រាម និងវិធានការគម្លាតសង្គមដាក់ចេញសម្រាប់ការពារការឆ្លងជំងឺកូវីដ-១៩នៅកូរ៉េ ត្រូវបានគេរកឃើញថាជាការល្មើសនឹងការពាក់ម៉ាស់ នេះបើតាមទិន្នន័យដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េនៅថ្ងៃអង្គារនេះ។
ករណីដែលល្មើសពាក់ព័ន្ធនឹងការពាក់ម៉ាស់ភាគច្រើនដែលមិនត្រឹមត្រូវនោះ គឺកើតឡើងនៅក្នុងភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ទីតាំងសាសនា បើតាមទិន្នន័យបញ្ជាក់ដោយក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េ។
តួលេខរបស់ក្រសួងបានបញ្ជាក់ថាខ្លួនបានទទួលការរាយការណ៍អំពីបទល្មើសពាក់ព័ន្ធនឹងវិធានការគម្លាតសង្គមដល់ ២៥៣៩២ ករណី ដែលក្នុងនោះមាន២០១៥១ករណីត្រូវបានរកឃើញថាពិតជាល្មើសពិតមែន ខណៈដែលក្នុងនោះដែរមានដល់ទៅ១៣៨២២ករណី (ប្រមាណ៦៨.៦%) ជាករណីល្មើសមិនពាក់ម៉ាស់ ឬពាក់ម៉ាស់មិនត្រឹមត្រូវ។ ករណីល្មើសដទៃទៀតមានដូចជាការល្មើសមិនអនុវត្តគម្លាតសង្គមឱ្យបានត្រឹមត្រូវដែលមាន១២.២% ការមិនពិនិត្យសីតុណ្ហភាពរាងកាយដែលមាន៨.៥% និងការមិនកត់នូវបញ្ជីអ្នកចេញចូលក្នុងហាងដែលមាន៧.៥% ជាដើម។
ក្នុងនោះដែរ ទិន្នន័យបានរកឃើញថាកន្លងមកមានមនុស្សយ៉ាងហោចណាស់ជាង៨២ម៉ឺននាក់នៅទូទាំងប្រទេសបានធ្វើការចត្តាឡីស័កដោយខ្លួនឯង គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈដែលបច្ចុប្បន្នមានមនុស្សយ៉ាងហោច៣៥៩៧១នាក់កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងកំណត់រៀងៗខ្លួន។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News