វិធានការគម្លាតសង្គមនៅសេអ៊ូល និងតំបន់ជុំវិញនឹងត្រូវតម្លើងទៅកម្រិត១.៥ ពីថ្ងៃព្រហស្បត្តិ៍នេះហើយ ខណៈការឆ្លងថ្មីនៅបន្តកើនឡើងគួរឱ្យបារម្ភ

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងតម្លើងវិធានការគម្លាតសង្គមមួយកម្រិតទៀតនៅក្នុងទីប្រជុំជនទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ពីកម្រិត១ ទៅកម្រិត១.៥ ចាប់អនុវត្តពីថ្ងៃព្រហស្បត្តិនេះទៅ ក្រោយពីចំនួននៃករណីឆ្លងថ្មីរបស់ជំងឺកូវីដ-១៩នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ។

ជាវិធានការថ្មី អជ្ញាធរសុខាភិបាលនឹងបង្កើនការរឹតបន្តឹងវិធានការគម្លាតសង្គមទៅកម្រិត១.៥ ក្នុងប្រព័ន្ធថ្មីដែលមានដល់ទៅ៥កម្រិត។ ការរឹតបន្តឹងនេះនឹងត្រូវអនុវត្តនៅក្នុងទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដែលនៅជាប់ទីក្រុងសេអ៊ូលចាប់ពីថ្ងៃព្រហស្បត្តិ៍ទៅ ខណៈដែលទីក្រុងអ៊ីនឆន់នឹងត្រូវតម្លើងទៅកម្រិត១.៥ដែរ តែចាប់អនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។ ក្នុងនោះដែរតំបន់ និងទីក្រុងមួយចំនួនដែលមិនសូវមានការឆ្លងថ្មីនោះទេនៅបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត១ដដែលសិន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងថា ការតម្លើងវិធានការគម្លាតសង្គមមកកម្រិត១.៥នេះគឺដើម្បីបន្ថយការឆ្លងរាលដាលថ្មីឱ្យបាន និងដើម្បីបង្ការកុំឱ្យការឆ្លងកាន់តែមានហានិភ័យដល់កម្រិត២ ដែលនឹងនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមរបស់កូរ៉េយ៉ាងខ្លាំង។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ត់ចត់បំផុតដើម្បីចៀសវាងកុំឱ្យមានរលកនៃការឆ្លងនូវជំងឺកូវីដ-១៩ជាថ្មីទៀត។

ការដាក់ចេញនូវិធានការថ្មីចំពោះប្រជុំជនទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនេះដោយសារតែតួលេខឆ្លងថ្មីប្រចាំថ្ងៃជាមធ្យមនៃតំបន់សេអ៊ូល និងតំបន់ជិតៗនោះមានដល់ទៅ១១៣.៣នាក់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដែលលើសពីកម្រិតកំណត់សម្រាប់អនុវត្តវិធានការគម្លាតសង្គមកម្រិត១.៥។

ក្រោមវិធានការថ្មីកម្រិត១.៥នេះ វិធានការថ្មីមួយចំនួននឹងត្រូវបន្ថែមពីលើវិធានការមានស្រាប់ដូចជា ទីតាំងណាដែលមានហានិភ័យប្រឈមនឹងការឆ្លងខ្ពស់ដូចជាបារ ក្លឹបកម្សាន្ត និងកន្លែងឆាកប្រគុំតន្រ្តីទីតាំងបិទជិតជាដើមនឹងត្រូវអនុវត្តទៅតាមវិធានការគម្លាតសង្គមកាន់តែតឺងតែងដោយត្រូវរក្សាគម្លាតតុ និងការបែងចែកចម្ងាយ១ម៉ែត្ររវាងភ្ញៀវដែលត្រូវចូលទៅក្នុងនោះជាដើម។ លើសពីនោះទៀត ទីតាំងប្រមូលផ្តុំ កន្លែងប្រគុំតន្រ្តី ឬទីតាំងពិធីផ្សេងៗនឹងត្រូវកម្រិតចំនួនមនុស្សត្រឹមតែ១០០នាក់ប៉ុណ្ណោះ ហើយមិនអនុញ្ញាតឱ្យមានការស្រែក ច្រៀង ឬញ៉ាំនៅក្នុងទីតាំងហាមឃាត់នោះទេ។ ចំណែកឯទីតាំងកីឡាដ្ឋាន និងព្រះវិហារវិញត្រូវអនុញ្ញាតឱ្យអ្នកចូលទស្សនាមានត្រឹមតែ៣០%នៃចំនួនសរុបប៉ុណ្ណោះ រីឯសាលារៀនត្រូវមានចំនួនសិស្សទៅរៀនផ្ទាល់តែចំនួន២/៣នៃសិស្សសរុបប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅថ្ងៃអង្គារនេះចំនួនករណីឆ្លងកូវីដ-១៩ថ្មីមានដល់២៣០ករណី ដែលក្នុងនោះ២០២ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែលចំនួននៃករណីជំងឺកូវីដ-១៩សរុបកើនដល់២៨៩៩៩ករណីហើយ បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េ។ តួលេខនេះបង្ហាញនូវនិន្នាការកើនឡើងនៃការឆ្លងថ្មីដែលលើសពី១០០ករណីក្នុងរយៈពេល១០ថ្ងៃជាប់គ្នា និងលើសចំនួន២០០ករណីចំនួន៤ថ្ងៃជាប់គ្នាដែរនោះ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *