សេអ៊ូល៖ ថ្នាំវ៉ាក់សាំងកូវីដ-១៩ប្រមាណជាង ៣០ លានគ្រាប់ត្រូវបានស្នើផ្តល់ជូនដាក់ឱ្យរដ្ឋាភិបាលកូរ៉េបញ្ជាទិញ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលកូរ៉េនៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីសុខាភិបាលកូរ៉េលោក ផាក នុងហូ (Park Neung-hoo) បានលើកឡើងថាបច្ចុប្បន្នមានក្រុមហ៊ុនវេជ្ជសាស្រ្តដែលផលិតវ៉ាក់សាំងកូវីដ-១៩បានស្នើដល់រដ្ឋាភិបាលកូរ៉េឱ្យទិញយកវ៉ាក់សាំងរបស់ខ្លួន ដែលសរុបមានដល់៣០លានគ្រាប់ឯណោះ។ នេះជាការឆ្លើយតបទៅសំណើរ របស់តំណាងគណបក្សប្រឆាំងក្នុងរដ្ឋសភាជាតិកូរ៉េ ឱ្យរដ្ឋាភិបាលកូរ៉េពន្លឿនក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
រដ្ឋមន្ត្រីសុខាភិបាលបន្តលើកឡើងថា រដ្ឋាភិបាលកូរ៉េបច្ចុប្បន្នកំពុងបន្តធ្វើការចរចារលើចំនួនថ្នាំ និងតម្លៃនៃវ៉ាក់សាំង ដើម្បីអាចបញ្ជាទិញបានក្នុងតម្លៃសមរម្យ។
ក្រុមហ៊ុនដែលបានស្នើឱ្យកូរ៉េខាងត្បូងបញ្ជាទិញនោះមានក្រុមហ៊ុន Pfizer Inc. ដែលបានប្រកាសកាលពីសប្តាហ៍កន្លងទៅថាខ្លួនបានធ្វើតេស្តលើវ៉ាក់សាមងដោយទទួលបានប្រសិទ្ធភាពដល់ទៅ៩០% ក្នុងការបង្ការជំងឺកូវីដ-១៩ និងក្រុមហ៊ុនModerna Inc. របស់សហរដ្ឋអាម៉េរិក ដែលបានប្រកាសថ្មីៗនេះដែរថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពដល់ទៅ៩៤.៥% ក្នុងការបង្ការជំងឺកូវីដ-១៩។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលកូរ៉េបានលើកឡើងថាខ្លួននឹងគ្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីអាចផ្តល់ជូនប្រជាពលរដ្ឋខ្លួនឱ្យបានយ៉ាងហោចណាស់៦០%នៅក្នុងឆ្នាំនេះ។ រដ្ឋាភិបាលកូរ៉េគ្រោងនឹងបញ្ជាទិញប្រមាណ១០លានគ្រាប់ពីសំណាក់វេទិកាអន្តរជាតិផ្គត់ផ្គង់វ៉ាក់សាំង (COVAX Facility) និង២០លានគ្រាប់ទៀតពីសំណាក់ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្ទាល់តាមរយៈការចរចារតម្លៃ និងចំនួន។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News