កូរ៉េខាងត្បូងគ្រោងចាយជិត ២លានដុល្លារ ដើម្បីកែច្នៃអតីតបុស្តិ៍យាមកាមនៅតំបន់ DMZ ព្រំដែនកូរ៉េទាំងពីរឱ្យទៅជាសារៈមន្ទីរ ដើម្បីជំរុញការចរចារសន្តិភាព

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១.៩៥ ប៊ីលានវ៉ុន (ប្រមាណ១.៧៦ លានដុល្លារ) ដើម្បីធ្វើការកែច្នៃបុស្តិ៍យាមកាមមួយនៅតំបន់ព្រំដែនកូរ៉េទាំងពីរឱ្យទៅជាសារៈមន្ទីរ ដើម្បីជាមធ្យោបាយជំរុញដំណើរការសម្រុះសម្រួលរវាងកូរ៉េទាំងពីរ និងដើម្បីរំលឹកគុណដល់ទាហានបានពលីជីវិតក្នុងសង្គ្រាមកូរ៉េផងដែរ។

បុស្តិ៍យាមកាមយោធាមួយនៅតំបន់ដែលគេឱ្យឈ្មោះថា Arrowhead Ridge ក្នុងតំបន់ព្រំដែនគ្មានកងទ័ពរវាងកូរ៉េទាំងពីរ ចាប់តាំងពីសង្គ្រាមកូរ៉េបានផ្អាកពីឆ្នាំ ១៩៥៣ មក បានក្លាយជាទីតាំងគេប្រើសម្រាប់ដាក់បង្ហាញនូវសម្ភារៈផ្សេងៗដែលគេកកាយរកបានពីទីតាំងសមរភូមិប្រយុទ្ធគ្នារវាងកូរ៉េទាំងពីរ ដែលជាផ្នែកមួយនៃគម្រោងស្វែងរកសាកសពទាហានដែលបានបាត់បង់ជីវិតសម័យសង្គ្រាមនោះ។

នៅថ្ងៃចន្ទនេះ គណៈកម្មាធិការទំនាក់ទំនងរវាងកូរ៉េទាំងពីរបានសម្រេចធ្វើការកែលម្អទីតាំងបុស្តិ៍យាមកាមនេះឱ្យទៅជាសារៈមន្ទីរ ដើម្បីរំលឹកគុណដល់យោធាដែលបានពលីជីវិតក្នុងសមរភូមិដ៏ក្តៅគគុករវាងកូរ៉េទាំងពីរ និងដើម្បីធ្វើជាសាក្ខីភាពនៃតម្លៃសន្តិភាព និងការរួបរួមនៅក្នុងឧបទ្វីបកូរ៉េផងដែរ នេះបើតាមការថ្លែងការណ៍របស់ក្រសួងរួបរួមជាតិកូរ៉េ។

ទីតាំងសារៈមន្ទីរថ្មីនេះជាផ្នែកមួយនៃទស្សនៈវិស័យក្នុងការអនុវត្តកិច្ចព្រមព្រៀងលើគម្រោងស្វែងរកសំណល់ពីសង្គ្រាមរវាងភាគីកូរ៉េទាំងពីរ នៅតំបន់ Arrowhead Ridge  ដែលជាតំបន់ប្រយុទ្ធគ្នាតានតឹងបំផុតមួយ ដែលរដ្ឋាភិបាលកូរ៉េទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងមួយតាំងពីថ្ងៃទី ១៩ កញ្ញា ២០១៨ តែរហូតមកដល់បច្ចុប្បន្នកូរ៉េខាងជើងមិនដែលបានសហការក្នុងការជីកកកាយរកសំណល់ពីសង្គ្រាមនេះទេ ដោយភាគីកូរ៉េខាងត្បូងបន្តអនុវត្តតែម្នាក់ឯង។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ភាគីកូរ៉េខាងត្បូងនៅបន្តអំពាវនាវឱ្យភាគីកូរ៉េខាងជើងចាប់ផ្តើមសហការទៅតាមស្មារតីនៃកិច្ចព្រមព្រៀងផងដែរ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងត្បូងសម្លឹងឃើញឱកាសនៃការផ្លាស់ប្តូររដ្ឋបាលនៅសហរដ្ឋអាម៉រិក ក្រោយលទ្ធផលបោះឆ្នោតថ្មីៗនេះ ថាជាឱកាសថ្មីសម្រាប់សម្របសម្រួលក្នុងការស្វែងរកសន្តិភាពក្នុងឧបទ្វីបកូរ៉េ ក្រោយរដ្ឋបាលលោកដូណាល់ ត្រាំ កន្លងមកហាក់មិនមានភាពជាប់គាំងក្នុងមួយរយៈចុងក្រោយក្នុងការចរចារជាមួយកូរ៉េខាងជើង។

ក្នុងគម្រោងកែច្នៃបុស្តិ៍យាមនេះ គេក៏រាប់បញ្ចូលនូវគម្រោងក្នុងការតភ្ជាប់ឡើងវិញនូវខ្សែរថភ្លើងពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងវ៉ុនសានរបស់កូរ៉េខាងជើងផងដែរ។

តំបន់ព្រំដែនគ្មានកងទ័ព (DMZ) ដែលមានប្រវែងជាង ២៥០ គីឡូម៉ែត្រ និងទទឹងប្រវែងជាង ៤ គីឡូម៉ែត្រ ជាតំបន់ព្រំដែនដែលមានការយាមកាមតឹងរ៉ឹងបំផុត ខណៈដែលកូរ៉េទាំងពីរតាមលក្ខណៈបច្ចេកទេសយោធានៅមិនទាន់បញ្ចប់សង្គ្រាមនៅឡើយទេ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 

 

Leave a Reply

Your email address will not be published. Required fields are marked *