អជ្ញាធរសុខាភិបាលកូរ៉េព្រមានពីរលកថ្មីនៃការឆ្លងរាលដាលនៃកូវីដ-១៩ នៅកូរ៉េអាចពី៣០០ ទៅ៤០០ ករណីក្នុងមួយថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

សេអ៊ូល៖ អាជ្ញាធរសុខាភិបាលកូរ៉េបានព្រមាននៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងអាចប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រលកថ្មីមួយទៀតក្នុងរយៈពេលមួយខែខាងមុខ ដោយសារការឆ្លងជាចង្កោមហាក់មិនមានសញ្ញានៃការថយចុះ ហើយការជួបជុំនាឱកាសពិធីបុណ្យនានាចុងឆ្នាំ អាចបង្កឱ្យមានការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩នេះ។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KCDA) បាននិយាយថាបើតាមការព្យាករណ៍របស់អ្នកជំនាញ គេរំពឹងថាចំនួនករណីឆ្លងថ្មីនឹងកើនដល់ពី ៣០០ ទៅ៤០០ករណី ក្នុងអំឡុងពេលនៃរដូវរងា និងរដូវផ្តាសាយខាងមុខ អាចក្នុងពីពីរទៅបួនសប្តាហ៍ខាងមុខ ដោយសារកម្មវិធីនានាចុងឆ្នាំ និងការប្រឡងចូលមហាវិទ្យាល័យទូទាំងប្រទេសដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខផងដែរ។

អជ្ញាធរសុខាភិបាលបាននិយាយថាការរីករាលដាលនៃជំងឺកូវីដ-១៩ឆ្លងថ្មី នៅក្នុងកន្លែងផ្សេងៗគ្នានៃសហគមន៍ បង្កឱ្យមានការលំបាកខ្លាំង ក្នុងការព្យាយាមទប់ស្កាត់និងបង្ការការឆ្លងបន្តគ្នានោះ។ ក្នុងនោះដែរ អជ្ញាធរសុខាភិបាលបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពិចារណាលើការបង្កើនការរឹតបន្តឹងវិធានការគម្លាតសង្គមពីកំរិត ១ ដល់កំរិត ១.៥ ដែលគួរតែចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។

“ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ជាពិសេសដោយសារការឆ្លងមេរោគបន្តពីការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ និងការជួបជុំគ្នានៅតាមទីកន្លែងសាធារណៈជាដើម” នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េ។

សូមបញ្ជាក់ថា គេឃើញថាករណីឆ្លងថ្មីលើសពី ២០០ ករណីតាំងពីថ្ងៃសៅរ៍មកនោះ ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៧៣ ថ្ងៃចុងក្រោយ ខណៈដែលការកើនឡើងករណីឆ្លងកូវីដ-១៩ថ្មីលើសពី ១០០ ករណីនេះមានរយៈពេល ៩ ថ្ងៃជាប់ៗគ្នាហើយ។

នៅថ្ងៃចន្ទនេះ ករណីឆ្លងថ្មីមានដល់ ២២៣ ករណី ដែលក្នុងនោះ ១៩៣ ករណីជាករណីឆ្លងក្នុងស្រុក ហើយចំនួនៃករណីសរុបមានដល់ ២៨៧៦៩ ករណីហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីការចាប់ផ្ទុះដំបូងមក នេះបើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង។ ក្នុងនោះករណីឆ្លងនៅសេអ៊ូលមាន ៧៩ ករណី នៅខេត្តឃ្យ៉ុងគី មាន ៣៩ករណី​ និងនៅអ៊ីនឆន់មាន ១០ករណី។

ជាមួយនឹងការពិចារណាក្នុងការតម្លើងវិធានការគម្លាតសង្គមទូទាំងប្រទេសទៅកម្រិត ១.៥ វិញនោះ គេសង្កេតឃើញថាតំបន់មួយចំនួនបានធ្វើការតម្លើងវិធានការគម្លាតសង្គមរបស់ខ្លួនទៅកម្រិត ១.៥ រួចទៅហើយ រួមមានទីក្រុងឆូណាន (Cheonan) អាសាន (Asan) ទីក្រុងវ៉ុនជូ (Wonju) ទីក្រុងស៊ុនឆុន (Suncheon) ទីក្រុងខ្វាងយ៉ាង (Gwangyang) និងយ៉ូស៊ូ (Yeosu)។ ក្នុងនោះដែរ ក្រសួងការពារជាតិកូរ៉េបាននិយាយថាក្រសួងនឹងធ្វើការតម្លើងវិធានការគម្លាតសង្គមកម្រិត ១.៥ សម្រាប់អង្គភាពយោធានៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល និងខេត្តហ្គាងវ៉ុនភាគខាងកើត (Gangwon) រយៈពេល ២ សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះទៅ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *