ក្រុមហ៊ុន Korean Air ទិញភាគហ៊ុនតម្លៃជាង ១.៦២ ប៊ីលានដុល្លារ ដើម្បីកាន់កាប់ក្រុមហ៊ុន Asiana Airlines ក្រោមការជួយសម្រួលពីរដ្ឋាភិបាលកូរ៉េ

សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរកូរ៉េ Korean Air Lines នៅថ្ងៃចន្ទនេះបានប្រកាសពីការទិញយកភាគហ៊ុនពីក្រុមហ៊ុនអាកាសចរ Asiana Airlines នៅក្នុងកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយរដ្ឋាភិបាលកូរ៉េ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យក្រុមហ៊ុនអាកាសចរដ៏ធំទាំងពីរនេះមានបញ្ហាដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Korean Air Lines បានប្រកាសថាខ្លួននឹងទិញយកភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន Asiana Airlines តម្លៃ ១.៥ទ្រីលានវ៉ុន (ប្រមាណ ១.៣៥ ប៊ីលានដុល្លារ) និងប័ណ្ណបំណុលមានតម្លៃប្រមាណ ៣០០ ប៊ីលានវ៉ុនទៀតពីក្រុមហ៊ុន Asiana Airlines ដែលនឹងបង្កើនភាគហ៊ុនរបស់ខ្លួនដល់ ៦៣.៩% ក្នុងក្រុមហ៊ុន Asiana Airlines។

ដើម្បីប្រមែប្រមូលថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុន Korean Air Lines នឹងប្រមូលប្រមាណ ២.៥ ទ្រីលានវ៉ុនពីម្ចាស់ភាគហ៊ុនរបស់ខ្លួន។ ក្នុងនោះដែរ​ ធនាគារអភិវឌ្ឍកូរេ៉ (Korean Development Bank) ដែលជាធនាគាររបស់រដ្ឋាភិបាលកូរ៉េនោះបានប្រកាសថានឹងទិញភាគហ៊ុនប្រមាណ ៨០០ ប៊ីលានរបស់ក្រុមហ៊ុន Korean Air Lines ដែលសម្រាប់ឱ្យក្រុមហ៊ុន Korean Air Lines យកទៅទិញភាគហ៊ុនពីក្រុមហ៊ុន Asiana Airlines វិញ។ បើតាមការថ្លែងការណ៍របស់ធនាគាររបស់រដ្ឋកូរ៉េនះ «យើងប្រាកដណាស់ថាប្រសិនបើមិនមានការកែប្រែប្រព័ន្ធនៃដំណើរការឧស្សាហកម្មអាកាសចរនេះទេ ក្រុមហ៊ុនអាកាសចរធំៗទាំងនេះរបស់កូរ៉េអាចនឹងមិនអាចទ្រទ្រង់នូវឥទ្ធិពលនៃជំងឺកូវីដ-១៩នេះបានឡើយ»។

តាមរយៈគម្រោងដ៏ធំក្នុងឧស្សាហកម្មអាកាសចររបស់កូរ៉េនះ គេនឹងឃើញនូវក្រុមហ៊ុន Korean Air Lines ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរធំជាងគេទាំង ១០ នៅលើពិភពលោក។ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Korean Air Lines ជាប់ចំណាត់ថ្នាក់លេខ ១៩ ខណៈក្រុមហ៊ុន Asiana Airlines ជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងចំនួនភ្ញៀវដែលធ្វើការហោះហើរ និងដឹកជញ្ជូនទំនិញក្នុងចំណោមអាកាសចរដទៃទៀតទូទាំងពិភពលោក។ ដូចនេះ ការបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនឹងធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនអាកាសចរដែលធំជាងគេលេខរៀងទី ៧ លើពិភពលោក បើតាមទិន្នន័យរបស់សមាគមអាកាសចរណ៍អន្តរជាតិ (International Air Transport Association – IATA)។ ក្រុមហ៊ុនទាំងពីរក្រោយបញ្ចូលគ្នានឹងមានចំនួនយន្តហោះដល់ ២៤៧ គ្រឿង លើសក្រុមហ៊ុនអាកាសចរ Air France ដែលមានត្រឹមតែ ២២០ គ្រឿងប៉ុណ្ណោះ។

ក្នុងបរិការណ៍នៃជំងឺកូវីដនេះ គេឃើញថាទាំងក្រុមហ៊ុន Korean Air Lines និង Asiana Airlines សុទ្ធតែរងការប៉ះពាល់ដូចគ្នាទៅនឹងចំណូល និងចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការរបស់ខ្លួនដែលសឹងតែជាប់គាំងទាំងស្រុងអស់រយៈពេលជាងពេញមួយឆ្នាំ២០២០នេះ។ ក្រុមហ៊ុន Korean Air Lines បានខាតបង់ចំណូលអស់ជាង ៦១៩.៥ ប៊ីលានវ៉ុន នៅក្នុងរយៈពេលពាក់កណ្តាលដើមឆ្នាំ ខណៈដែលក្រុមហ៊ុន Asiana Airlines ខាតបង់អស់ជាង ៦៣៣.៣ ប៊ីលានវ៉ុន រយៈពេលប្រាំមួយខែដើមឆ្នាំដូចគ្នា។

ក្នុងនោះដែរ គេក៏មានការព្រួយបារម្ភចំពោះឥទ្ធិពលនៃការបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរទៅលើប្រតិបត្តិការ និងបុគ្គលិកផងដែរ។ ក្រុមហ៊ុន Asiana សព្វថ្ងៃមានបុគ្គលិកជាង ១០១៥០ នាក់ ខណៈដែលក្រុមហ៊ុន Korean Air Lines មានបុគ្គលិកដល់ជាង ១៨០០០ នាក់។ ការរួមបញ្ចូលគ្នានេះអាចនឹងធ្វើឱ្យបាត់បង់ការងារសម្រាប់បុគ្គលិកមួយចំនួន ដែលត្រូវឱ្យមានការជួយសម្របសម្រួលពីសំណាក់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់។

ប្រែសម្រួលពី៖ សារព័ត៌មាន Nikkei Asia

 

Leave a Reply

Your email address will not be published. Required fields are marked *