កូរ៉េខាងត្បូងរកឃើញករណីកូវីដ-១៩ថ្មីលើស២០០ករណី ៣ថ្ងៃជាប់គ្នា នាំឱ្យអជ្ញាធរគ្រោងតម្លើងការវឹតបន្តឹងវិធានការគម្លាតសង្គមទៅកម្រិត ១.៥ វិញ

សេអ៊ូល៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩​បានកើនឡើងលើសពី ២០០ ករណីក្នុងរយៈពេល ៣ថ្ងៃជាប់គ្នាហើយនៅថ្ងៃចន្ទនេះ ខណៈអជ្ញាធរគ្រោងនឹងតម្លើងវិធានការគម្លាតសង្គមមួយកម្រិតវិញដើម្បីទប់ស្កាត់ការបន្តឆ្លងរាលដាលនេះ។

នៅថ្ងៃចន្ទនេះ ករណីឆ្លងថ្មីមានដល់ ២២៣ ករណី ដែលក្នុងនោះ ១៩៣ ករណីជាករណីឆ្លងក្នុងស្រុក ហើយចំនួនៃករណីសរុបមានដល់ ២៨៧៦៩ ករណីហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីការចាប់ផ្ទុះដំបូងមក នេះបើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង។ ក្នុងនោះករណីឆ្លងនៅសេអ៊ូលមាន ៧៩ ករណី នៅខេត្តឃ្យ៉ុងគី មាន ៣៩ករណី​ និងនៅអ៊ីនឆន់មាន ១០ករណី។

គេសង្កេតឃើញថាករណីឆ្លងថ្មីនេះលើសពី ២០០ ករណីតាំងពីថ្ងៃសៅរ៍មកនោះ ជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៧៣ ថ្ងៃចុងក្រោយ ខណៈដែលការកើនឡើងករណីឆ្លងកូវីដ-១៩ថ្មីលើសពី ១០០ ករណីនេះមានរយៈពេល ៩ ថ្ងៃជាប់ៗគ្នាហើយ។

អជ្ញាធរសុខាភិបាលលើកឡើងថាការកើនឡើងគំហុកនេះ គឺដោយសារតែការឆ្លងជាសហគមន៍ចេញពីការជួបជុំគ្នាលក្ខណៈឯកជន និងនៅតាមទីសាធារណៈនានាទូទាំងប្រទេស ដែលនាំឱ្យមានការពិបាកក្នុងការតាមដានប្រភពឆ្លង ដើម្បីធ្វើចត្តាឡីស័កជាដើម។

រដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើជម្រើសបង្កើនវិធានការគម្លាតសង្គមទៅកម្រិត ១.៥ ដោយកើនឡើងមួយកម្រិតដើម្បីឆ្លើយតបទៅនឹងការបន្តកើនឡើងនៃការឆ្លងថ្មីជារៀងរាល់ថ្ងៃ គួរឱ្យព្រួយបារម្ភនេះ។ រដ្ឋាភិបាលបានដាក់ចេញនូវការជូនដំណឹងបណ្តោះអាសន្នជាមុនចំពោះទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗនៅជុំវិញ រួមនឹងភាគខាងកើតនៃខេត្តហ្គាងវ៉ុន (Gangwon) ដែលមានការកើនឡើងនៃករណីឆ្លងថ្មីគួរឱ្យកត់សម្គាល់ក្នុងសប្តាហ៍កន្លងទៅ។

ក្នុងនោះដែរ ទីក្រុងមួយចំនួនដូចជាទីក្រុងឆូណាន (Cheonan) អាសាន (Asan) ទីក្រុងវ៉ុនជូ (Wonju) ទីក្រុងស៊ុនឆុន (Suncheon) ទីក្រុងខ្វាងយ៉ាង (Gwangyang) និងយ៉ូស៊ូ (Yeosu) បានតម្លើងវិធានគម្លាតសង្គមរបស់ខ្លួនទៅកម្រិត ១.៥ រួចទៅហើយមុនទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងការកើនឡើងថ្មីនៃកូវីដ-១៩ គួរឱ្យព្រួយបារម្ភ។

នៅក្រោមកម្រិតវិធានការគម្លាតសង្គម ១.៥ ប្រជាជននៅអាចធ្វើសកម្មភាពនានាប្រចាំថ្ងៃបានជាធម្មតាភាគច្រើន តែការជួបជុំដែលមានមនុស្សច្រើនជាង ១០០ នាក់ត្រូវបានរឹតបន្តឹង តែមិនហាមឃាត់ទាំងស្រុងនោះទេ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 

 

Leave a Reply

Your email address will not be published. Required fields are marked *