អបអរសាទរ! កីឡាការិនីឆ្នើម ស្រួង ភាវី ឈ្នះទាំងពីរលើកក្នុងការប្រកួតរបស់ខ្លួន និងបង្ហាញចំណាប់អារម្មណ៍ចំពោះការតស៊ូ និងប្រឹងប្រែងរបស់ខ្លួន

សេអ៊ូល៖ កីឡាការិនីឆ្នើម ស្រួង ភាវី បានទទួលជ័យជំនះជាថ្មីលើកទីពីរក្នុងការប្រកួតវាយស្នូកឃ័រតំណាងក្រុមហ៊ុនកូរ៉េ ក្រោយពីប្រកួតឈ្នះកាលពីលើកទី១ កាលពីប៉ុន្មានថ្ងៃមុននេះ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់កីឡាការិនីរូបនេះផ្ទាល់។

ការប្រកួតនេះជាកម្មវិធីប្រកួតតំណាងក្រុមហ៊ុន ហារិបធំ នៅប្រទេសកូរ៉េ។ ក្នុងនោះដែរ ការប្រកួតនេះមាន ២ កន្លែង ដែលតាមការលើកឡើងរបស់កីឡាការិនី ស្រួង ភាវី បានទទួលជ័យជំនះទាំង២កន្លែងតែម្តង។

កីឡាការិនីរូបនេះបានលើកឡើងថា «ភាពជោគជ័យរបស់ខ្ញុំ មិនម្នាក់ឯងទេដើម្បីបងប្អូន ខ្មែរយើងទាំងអស់គ្នា អរគុណបងប្អូន រាល់ការស្រលាញ់ ភាវីកន្លងមកអរគុណណាស់ »

ក្នុងនោះដែរ កីឡាការិនីឆ្នើមរូបនេះក៏បានបង្ហាញចំណាប់អារម្មណ៍ដោយជំរុញឱ្យគ្រប់គ្នានាមានការអត់ធ្មត់ និងតស៊ូដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យរបស់ខ្លួន។

«ពេលដែលយើងយំ គ្មានអ្នកណាឮ ពេលដែលយើងឈឺជួបទុក្ខធំ គ្មានអ្នកណាដឹង ពេលដែលយើងខំរំពឹង គ្មានអ្នកណាខ្វល់ ប៉ុន្តែពេលយើងមានកំហុស មានអ្នកដឹងឮច្រើនគ្មានចន្លោះ។

មានតែការឈឺចាប់ការលំបាក និងភាពអត់ធ្មត់របស់យើងតែម្នាក់ប៉ុណ្ណោះ ដែលអាចនាំយើងឆ្ពោះទៅរកភាពជោគជ័យមួយដ៏មុតស្រួច ប្រៀបដូចជាដែកមួយដុំដែលបានឆ្លងកាត់កម្តៅភ្លើងរាប់ពាន់មុឺនអង្សាសេ ហើយត្រូវរងនូវការសំពងពីញញួរធុនធ្ងន់វាយជាច្រើនដង ទីបំផុតវាក៏ក្លាយជាដាវប្រណីតដ៏ល្អមុតស្រួចបំផុតក្នុងលោក »។



    

Leave a Reply

Your email address will not be published. Required fields are marked *