អ៊ីនឆន់៖ ឆ្មាំសមុទ្របាននិយាយថាទូកនេសាទមួយគ្រឿងបានក្រឡាប់នៅក្នុងដែនទឹកក្បែរកោះព្រំដែនភាគពាយព្យមួយនៅថ្ងៃសៅរ៍ដោយបន្សល់ទុកសមាជិកនាវិក ៣ នាក់បន្តបាត់ខ្លួន ខណៈនាវិក២នាក់ទៀតត្រូវបានជួយសង្គ្រោះ គិតត្រឹមកណ្តាលយប់ថ្ងៃសៅរ៍នេះ។
អាជ្ញាធរបាននិយាយថានាវាទម្ងន់ ១២ តោនបានក្រឡាប់នៅក្នុងដែនទឹកចម្ងាយ ៤៣ គីឡូម៉ែត្រពីកោះព្រំដែន Soyeonpyeong នៅម៉ោង ៦:០៧ នាទីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ ម៉ោងនៅកូរ៉េ។ មូលហេតុនៃការក្រឡាប់មិនទាន់ត្រូវបានគេដឹងភ្លាមៗនោះទេ។
ក្នុងហេតុការណ៍នះ នាវិក៣នាក់ដែលរួមមានទាំងកាពីតែននាវាអាយុ៦៣ឆ្នាំផងនោះ បានបន្តបាត់ខ្លួន ខណៈដែលនាវិក២នាក់ទៀតត្រូវបានជួយសង្គ្រោះ។ ក្រុមមន្រ្តីបាននិយាយថានាវិកម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះនៅតែមិនដឹងខ្លួននៅឡើយ។
លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Chung Sye-kyun បានដឹកនាំឆ្មាំសមុទ្រ និងកងទ័ពជើងទឹក និងកម្លាំងដទៃទៀតដែលមានទាំងអស់ដើម្បីជួយក្នុងការស្វែងរកអ្នកដែលបន្តបាត់ខ្លួន។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង លោក Chin Young ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះអ្នកបាត់ខ្លួនទាំងអស់នេះ ហើយបានណែនាំដល់មន្រ្តីពាក់ព័ន្ធដើម្បីផ្តល់ការគាំទ្រចាំបាច់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះដូចជាការផ្តល់ព័ត៌មានស្តីពីស្ថានភាពនៃប្រតិបត្តិការស្វែងរក។
ក្នុងបេសកកម្មស្វែងរកដ៏ខ្មួរខ្មាញ់នេះ មានការចូលរួមពីកម្លាំងនាវារុករកចំនួន១៧គ្រឿង យន្តហោះចំនួន៥គ្រឿង និងទូកនេសាទចំនួន២២គ្រឿងទៀតផងដែរ។
បើតាមការលើកឡើងរបស់មន្ត្រីឆ្មាំសមុទ្រ នៅពេលប្រតិបត្តិការរុករកនេះបញ្ចប់ យើងនឹងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា កន្លែងកើតហេតុស្ថិតនៅចម្ងាយ ២៣ គីឡូម៉ែត្រភាគនិរតីនៃខ្សែព្រំដែនខាងជើងដែលជាព្រំដែនសមុទ្រអន្តរកូរ៉េ។