អស្ចារ្យណាស់! ឥឡូវជនជាតិខ្មែរនៅកូរ៉េ និងកម្ពុជាអាចទទួលសេវាសុខាភិបាលតម្លៃដូចជនជាតិកូរ៉េដែរ នៅមន្ទីរពេទ្យសុន ឆុនយ៉ាង ដ៏ធំរបស់កូរ៉េ

សេអ៊ូល៖ សមិទ្ធផលថ្មីមួយទៀតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ត្រូវបានលេចចេញជារូបរាងក្នុងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាមួយនឹងមន្ទីរពេទ្យ សុន ឆុនយ៉ាង (SoonChunHyang) របស់កូរ៉េខាងត្បូង។

បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត ពេលនេះបងប្អូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស់នៅកូរ៉េ និងកម្ពុជា អាចមកទទួលសេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យ សុន ឆុនយ៉ាង (SoonChunHyang) របស់កូរ៉េខាងត្បូង ដោយទទួលបានអត្រាតម្លៃសេវាកម្មដូចទៅនឹងតម្លៃសម្រាបជនជាតិកូរ៉េផងដែរ បើទោះជាមាន ឬគ្មានការធានារ៉ាប់រងសុខភាពក៏ដោយ។

ដើម្បីទទួលបានការផ្តល់តម្លៃសេវាកម្មដូចទៅនឹងប្រជាជនកូរ៉េដែរនោះ គឺបងប្អូនខ្មែរយើងគ្រាន់តែភ្ជាប់ជាមួយប័ណ្ណខាងក្រោមដូចក្នុងរូបភាពនេះ ដែលប័ណ្ណនេះបងប្អូនអាចមកយកបាននៅស្ថានទូតកម្ពុជានៅសេអ៊ូល នៅរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថាបើតាមការចែករំលែករបស់លោកទូត ឡុង ឌីម៉ង់ សមិទ្ធផលនេះគឺជាផ្លែផ្កាសម្រេចបានពីអនុស្សរណៈនៃការយោគយល់គ្នា MOU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យ សុន ឆុនយ៉ាង (SoonChunHyang) ដែលបានចុះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។

លោក ឡុង ឌីម៉ង់បានបញ្ជាក់ថាអនុស្សរណៈដែលសម្រេចបាននោះនឹងក្លាយជាឯកសារគោលក្នុងការបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែមទាំងនៅកម្ពុជា និងកូរ៉េ។ ឯកសារនេះក៏នឹងក្លាយជាស្ពានភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការបន្ថែម ទាំងលើការបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យខ្មែរ ការផ្ដល់សេវាថែទាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េ ក៏ដូចជាមកពីកម្ពុជា។

សូមបញ្ជាក់ថា មន្ទីរពេទ្យ សុន ឆុនយ៉ាង (SoonChunHyang)បាននឹងកំពុងអនុវត្តគម្រោងជាមួយកម្ពុជាចំនួន ១២ មានដូចជាការសាងសង់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ការថែទាំសុខភាពមាតានិងទារកនៅតំបន់ភូមិភាគឦសាន, ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យខ្មែរទាំងនៅកម្ពុជា ក៏ដូចជាអញ្ជើញគ្រូពេទ្យជំនាញមកដកបទពិសោធន៍ផ្ទាល់នៅកូរ៉េ និងបានជួយថែទាំសុខភាពដល់មន្ត្រីការទូតព្រមទាំងក្រុមគ្រួសារផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងផ្ទាល់ទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េតាមរយៈហ្វេសប៊ុក ឬតាមរយៈលេខទូរស័ព្ទទំនាក់ទំនង +82 2-3785-1041 ឬអាចទៅជាប់ផ្ទាល់នៅរៀងរាល់ម៉ោងធ្វើការដែរ។

មន្ទីរពេទ្យ សុន ឆុនយ៉ាង (SoonChunHyang)

Leave a Reply

Your email address will not be published. Required fields are marked *