កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចចិត្តនឹងបន្ធូរបន្ថយវិធានការគម្លាតសង្គម ដែលនឹងចាប់ផ្តើមពីថ្ងៃពុធ ទី ០៦ ខែ ឧសភាខាងមុខនេះ មកត្រឹមកម្រិត «ការធ្វើចត្តាឡីស័កតាមកម្រិតជីវភាពប្រចាំថ្ងៃ» ។ វិធានការបន្ធូរបន្ថយថ្មីនេះ នឹងបើកភ្ល់ើងខៀវដល់ការបើកទ្វារឡើងវិញនៃសាលារៀន កន្លែងធ្វើការ និងទីតាំងសាធារណៈនានា ដោយត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំមួយចំនួនផងដែរ។
គោលការណ៍ណែនាំ សម្រាប់ការបន្ធូរបន្ថយនេះ រួមមានដូចជាការរក្សាគម្លាតសុវត្ថិភាព ២ ម៉ែត្រ ជាដើម។
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថា វិធានការថ្មីនេះគឺជាយន្តការសម្របសម្រួលទៅនឹងផលលំបាកផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារការធ្វើវិធានការចត្តាឡីស័កក្តៅ កាលពីពេលដែលការឆ្លងរាតត្បាតមេរោគកូវីដ-១៩ មានកម្រិតខ្ពស់កន្លងមក។
ការដាក់ចេញនូវវិធានការនេះ គឺស្របពេលដែលចំនួនឆ្លងថ្មីនៃមេរោគកូវីដ-១៩ មានការថយចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អជ្ញាធរទីក្រុងសេអ៊ូល ជឿជាក់ថាទីក្រុងសេអ៊ូលបានគ្រប់គ្រងលើករណីផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយជោគជ័យហើយ ដោយសារភាគច្រើនបំផុតនៃការរកឃើញករណីថ្មី ជាករណីនាំចូលពីក្រៅប៉ុណ្ណោះ។
គិតត្រឹមថ្ងៃអាទិត្យនេះ ករណីមេរោគដែលរកឃើញថ្មីនៅថ្ងៃនេះ មានត្រឹមតែ ១៣ ករណីប៉ុណ្ណោះ ដែលបង្កើនតួលេខសរុបដល់ ១០ ៧៩៣ ករណី ក្នុងនោះមានការស្លាប់ចំនួន ២៥០ ប៉ុណ្ណោះ។