សេអ៊ូល៖ ប៉ូលីសក្រុងសេអ៊ូលបាននិយាយនៅថ្ងៃសុក្រនេះថានឹងចាត់វិធានការក្តៅក្នុងការបំបែកការគ្រោងរៀបចំបាតុកម្មនានានៅចុងសប្តាហ៍នេះ ក្រោមការព្រួយបារម្ភនៃការមិនគោរពទៅតាមវិធានគម្លាតសង្គមដើម្បីការពារជំងឺកូវីដ-១៩។
បើតាមការលើកឡើងរបស់ប៉ូលីសក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ស្អែកនេះនឹងមានការគ្រោងរៀបចំបាតុកម្មនៅក្នុងក្រុងសេអ៊ូលដល់ទៅ ៧៨ ក្រុមផ្សេងគ្នា ទូទាំងក្រុងសេអ៊ូល រួមមានក្រុមសហព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េដែលនឹងគ្រោងរៀបចំការតវ៉ានៅទីតាំងជាង ៣០ កន្លែងដូចជានៅតំបន់យ៉ុងដុងប៉ូ (Yeongdeungpo) ម៉ាផូ (Mapo) សូឆូ (Seocho) និងតំបន់សួន Yeouido Park កណ្តាលក្រុងសេអ៊ូលផងដែរ ខណៈដែលក្រុមផ្សេងទៀតដូចជាការរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលជាទូទៅដោយក្រុមអភិរក្សនិយម ក៏គ្រោងនឹងរៀបចំធ្វើនៅចំកណ្តាលក្រុងសេអ៊ូល នៅសូឆូ (Seocho) និងចុងណូ (Jongno) ផងដែរ។
បើតាមវិធានការគម្លាតសង្គមដែលបានកំណត់ដោយសាលាក្រុងសេអ៊ូល កាលពីខែកន្លងទៅសាលាក្រុងបានលើកលែងបម្រាមជួបជុំដែលមានមនុស្សលើសពី ១០ នាក់ឡើងទៅ ក្រោយពីស្ថានការណ៍នៃជំងឺកូវីដ-១៩ កាលនោះមានភាពល្អប្រសើរច្រើន ប៉ុន្តែបន្តហាមឃាត់ការគ្រោងជួបជុំនានាដែលមានមនុស្សលើសពី ១០០ នាក់ឡើងទៅ ដើម្បីបន្តបង្ការការផ្ទុះឆ្លងជំងឺកូវីដ-១៩។

ប៉ូលីសក្រុងសេអ៊ូលបានបញ្ជាក់ថាប្រសិនបើការជួបជុំនឹងកើតឡើងដូចការគ្រោងទុក ហើយមានអ្នកចូលរួមលើសពី ១០០ នាក់ទៅ ប៉ូលីសនឹងប្រើប្រាស់កម្លាំងដើម្បីបំបែកការជួបជុំណាមួយដែលមានអ្នកចូលរួមលើសពី ១០០ នាក់ឡើងទៅដែលត្រូវបានហាមឃាត់ក្នុងវិធានការគម្លាតសង្គម។
ក្នុងនោះដែរ ជាវិធានការដើម្បីបំបែកការកកស្ទះក្នុងការធ្វើដំណើរ និងបន្ថយការជួបជុំដែលលើសកម្រិតផងនោះ ប៉ូលីសក្រុងសេអ៊ូលនឹងធ្វើការបញ្ចៀសផ្លូវធ្វើដំណើរសម្រាបរថយន្តក្រុងសាធារណៈ និងចរាចរណ៍ដទៃទៀតចេញពីទីតាំងដែលគ្រោងនឹងរៀបចំការជួបជុំនេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានករណីផ្ទុះឆ្លងកូវីដ-១៩ ជាសហគមន៍កើនឡើងគួរឱ្យកត់សម្គាល់ដោយមានចំនួនអ្នកឆ្លងលើសពី ១០០ នាក់ ៦ ថ្ងៃជាប់ៗគ្នាហើយ ខណៈដែលថ្ងៃសុក្រនេះមានករណីឆ្លងថ្មីចំនួន ១៩១ ករណី ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងរយៈពេល ៧០ ថ្ងៃចុងក្រោយ។
កន្លងទៅ ក៏ធ្លាប់មានករណីផ្ទុះឆ្លងជាសហគមន៍ដែលមានប្រភពចេញពីការធ្វើការបាតុកម្មទ្រង់ទ្រាយធំបែបនេះផងដែរ។
ខ្លឹមសារប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News
