សេអ៊ូល៖ នៅព្រឹកថ្ងៃសុក្រនេះ គេសង្កេតឃើញមានក្រុមមន្ត្រី និងអ្នកស្ម័គ្រចិត្តចុះតាមទីតាំងប្រជុំជនសាធារណៈនានា ដើម្បីក្រើនរំលឹកប្រជាជនកូរ៉េទូទៅឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ ទៅតាមវិធានការណែនាំរបស់រដ្ឋាភិបាលកូរ៉េ បើពុំដូចនោះទេអាចនឹងប្រឈមការផាកពិន័យដល់ ១០ម៉ឺនវ៉ុន (ប្រមាណ ៩០ ដុល្លារ)។
ក្នុងការអនុវត្តវិធានការថ្មីនេះ អ្នកដែលល្មើសមិនពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងទីក្រុងសេអ៊ូល នឹងត្រូវផាកពិន័យទឹកប្រាក់ ១០ម៉ឺនវ៉ុន (ប្រមាណ ៨៨ ដុល្លារ) ដោយនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃសុក្រទី ១៣ វិច្ឆិកា ២០២០តទៅ។
ជាទូទៅគេសង្កេតឃើញថាសឹងតែគ្រប់គ្នាដែលនៅតាមទីសាធារណៈបានពាក់ម៉ាស់ការពារត្រឹមត្រូវទៅតាមការណែនាំ ប៉ុន្តែក៏មានអ្នកមួយចំនួននៅមិនទាន់អនុវត្តឱ្យបានពេញលេញ ដែលនាំឱ្យមានការដាក់ពង្រាយក្រុមការងារមន្ត្រី ដើម្បីជួយក្រើនរំលឹកអំពីច្បាប់ថ្មីដែលនឹងផាកពិន័យអ្នកល្មើសនូវវិធានការនេះ ចាប់ពីថ្ងៃសុក្រនេះទៅ។

យ៉ាងណាមិញ រដ្ឋាភិបាលបានបញ្ជាក់ថានឹងធ្វើការផាកពិន័យតែចំពោះអ្នកដែលមិនពាក់ម៉ាស់ហើយ មិនរវីរវល់នឹងការក្រើនរំលឹកផ្ទាល់ពីសំណាក់មន្ត្រីណែនាំទៀតប៉ុណ្ណោះ។
វិធានការផាកពិន័យនេះត្រូវលើកលែងចំពោះកុមារអាយុក្រោម ១៤ ឆ្នាំ អ្នកពិការ និងអ្នកដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនមិនអាចពាក់ម៉ាស់បាន។ ចំណែកឯអ្នកដែលត្រូវចាប់បានថាល្មើសនឹងវិធានការនេះ អាចនឹងទទួលបានការបន្ធូរបន្ថយការផាកពិន័យចំនួន ២០% នៃតម្លៃផាកពិន័យសរុប ប្រសិនបើអាចផ្តល់ហេតុផលសមស្របសម្រាប់ការល្មើសនោះបាន។
សម្រាប់ទីតាំង និងសកម្មភាពមួយចំនួនក៏មានការលើកលែងចំពោះការពាក់ម៉ាស់ដែរ ដូចជានៅពេលញ៉ាំអាហារ ផឹកទឹក ទីតាំងអាងហែលទឹក បន្ទប់ទឹកសាធារណៈ ឬនៅពេលធ្វើការស្គេនអាយឌីជាដើម។ ក្នុងនោះដែរ សម្រាប់សកម្មភាពខាងក្រៅទូទៅដូចជាការហាត់ប្រាណ ដើរកំសាន្តក្នុងសួន ជិះកង់ ឡើងភ្នំ ក៏អាចលើកលែងការពាក់ម៉ាស់ផងដែរ ប្រសិនបើអ្នកចូលរួមរក្សាគម្លាត ២ ម៉ែត្រពីគ្នា។
រដ្ឋាភិបាលកូរ៉េក៏ដាក់វិធានការផាកពិន័យចំពោះម្ចាស់ហាង ម្ចាស់អាជីវកម្មនានាដែលមិនបានជម្រាបជូនអតិថិជនខ្លួនឱ្យអនុវត្តខ្ជាប់ខ្ជួនទៅនឹងវិធានការពាក់ម៉ាស់នេះ ដែលការល្មើសលើកទី១ នឹងត្រូវពិន័យដល់ ១.៥ លានវ៉ុន ខណៈការល្មើសលើកទី២ទៅ នឹងត្រូវពិន័យអាចដល់ ៣ លានវ៉ុន។

សូមបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ទូទាំងប្រទេសកូរ៉េ គិតត្រឹមថ្ងៃសុក្រនេះកើនដល់ជាង ២០០ នាក់ឯណោះ ជាតួលេខកើនឡើងខ្ពស់ក្នុងរយៈពេលជាង ៧០ ថ្ងៃចុងក្រោយ ដែលលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានថ្លែងថា កំពុងពិចារណាក្នុងការរឹតបន្តឹងវិធានការគម្លាតសង្គមទៅកម្រិត ១.៥ ផងដែរ។