ប្រធានាធិបតីមូន ជេអ៊ីន៖ កូរ៉េខាងត្បូងនឹងឧបត្ថម្ភ ១០ លានដុល្លារដើម្បីជួយផ្តល់វ៉ាក់សាំងកូវីដ ដល់ប្រទេសដៃគូទន្លេមេគង្គ មានកម្ពុជាផងដែរ

សេអ៊ូល៖ ប្រធានាធិបតី មូន ជេអ៊ីន ថ្លែងក្នុងសន្ទរកថាក្នុងអំឡុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េនៅថ្ងៃនេះ ថាកូរ៉េខាងត្បូងសន្យានឹងចូលរួមចំណែក ១០ លានដុល្លារអាម៉េរិក ដើម្បីជួយក្នុងការផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ថ្មី ដល់ប្រទេសទាំង៥ជាដៃគូនៅតាមដងទន្លេមេគង្គ។

លោកប្រធានាធិបតីមូន បានលើកឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងដែលមានប្រទេសតាមដងទន្លមេគង្គដូចជាកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ថា «យើងនឹងផ្តល់ជូនការជួយគាំទ្រក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ក្នុងទឹកប្រាក់ទំហំ១០លានដុល្លារអាម៉េរិក ដើម្បីជួយដល់បណ្តាដៃគូដែលជាប្រទេសកំពុងអភិវឌ្ឍ តាមរយៈគម្រោង COVAX (Covid-19 Vaccines Advance Market Commitment)»។

គម្រោង COVAX នេះជាវេទិកាអន្តជាតិពហុភាគីដែលបង្កើតឡើងដើម្បីផ្តល់មូលនិធិជួយគំាទ្រដល់ការចែកចាយវ៉ាក់សាំងកូវីដ-១៩ ទៅដល់ប្រទេសកំពុងអភិវឌ្ឍ។

ក្នុងសន្ទរកថានោះដែរ លោកមូន ក៏បានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូមេគង្គក្នុងវិស័យសុខភាពសាធារណៈ និងការផ្តល់ជូនឧបករណ៍ទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ លោកក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងប្រទេសដៃគូមេគង្គទាំង៥ ដែលនៅមានតែទំហំប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានការជាប់គាំងពីឥទ្ធិពលនៃជំងឺកូវីដ-១៩ ជាសាកលនោះ។

ក្រោពីនោះ លោកប្រធានាធិបតី ក៏បានបញ្ជាក់ពីគោលជំហរក្នុងជំរុញការអនុវត្តគម្រោងអភិវឌ្ឍទ្វេភាគីនានា ក្នុងគោលបំណងថែរក្សាប្រព័ន្ធជីវចម្រុះមេគង្គ គ្រប់គ្រងប្រភពធនធានទឹក និងបង្ការគ្រោះមហន្តរាយនានាផងដែរ ហើយកូរ៉េខាងត្បូងគ្រោងនឹងអញ្ជើញឱ្យមានការចូលរួមពីសំណាក់អង្គការអន្តរជាតិនានា ដូចជាអង្គការសហប្រជាជាតិផងដែរ។

ក្នុងនោះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ផងដែរ។

សូមបញ្ជាក់ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០១៩ កន្លងទៅនៅក្នុងទីក្រុងប៊ូសាន ដែលប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីថៃ ធ្វើជាសហប្រធាន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *