ប៊ូសាន៖ សាលាក្រុងប៊ូសានបានលើកឡើងនៅថ្ងពុធនេះថាខ្លួនកំពុងរៀបចំនូវប្រព័ន្ធធ្វើតេស្តមេរោគកូវីដ-១៩ថ្មី ដើម្បីចៀសវាងការឆ្លងមេរោគនេះពីកប៉ាល់បរទេសដែលទើបមកដល់កំពង់ផែក្រុងប៊ូសាន។
ប្រព័ន្ធថ្មីនេះត្រូវបានគេហៅថា «ប្រព័ន្ធ Port-through» ដែលគេព្យាយាមកាត់បន្ថយការប៉ះពាល់ក្នុងអំឡុងពេលធ្វើតេស្តរកមេរោគកូវីដ-១៩។ ក្នុងវិធីថ្មីនេះ គេនឹងធ្វើការបង្ហោះដ្រូន (drone) ទៅដល់កប៉ាល់ផ្ទាល់ និងបង្កើតនូវវិធីធ្វើតេស្តថ្មីដោយពិនិត្យទៅលើតំណក់ទឹកមាត់ដែលជាប់នៅលើម៉ាស់របស់អ្នកធ្វើដំណើរវិញ ជំនួសឱ្យការធ្វើតេស្តធម្មតាដែលគេត្រូវពិនិត្យលើសំណាកក្នុងច្រមុះ និងមាត់របស់អ្នកត្រូវធ្វើតេស្ត នេះបើតាមការលើកឡើងរបស់មន្ត្រីសាលាក្រុង។
សាលក្រុងប៊ូសានបានសហការជាមួយមន្ទីរពេទ្យនៃសាកលវិទ្យាល័យជាតិប៊ូសាន និងអជ្ញាធរកំពង់ផែប៊ូសាន និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីសិក្សា និងអនុវត្តនូវគម្រោងថ្មីនេះ ដែលគ្រោងនឹងចំណាយអស់ប្រហែល ៥១៤លានវ៉ុន (ប្រមាណ ៤៦ម៉ឺនដុល្លារអាម៉េរិក) គិតត្រឹមឆ្នាំ២០២២ បើតាមការលើកឡើងរបស់មន្ត្រីសាលាក្រុងដដែល។
សូមបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ករណីឆ្លងមេរោគកូរ៉ូណាបានកើនឡើងខ្ពស់នៅក្នុងកំពង់ផែប៊ូសាន ដោយសារតែការចម្លងពីនាវិកនៃកប៉ាល់បរទេសមួយដែលចូលមកចតនៅនឹងកំពង់ផែប៊ូសាន។
ខ្លឹមសារប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News