កូរ៉េខាងត្បូង៖ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ពីទឹកដីកូរ៉េខាងជើង មកកាន់ប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូង ក្នុងតំបន់ព្រំដែនគ្មានកងទ័ពនៃប្រទេសទាំងពីរ (DMZ) បើតាមការរាយការណ៍ពីការិយាល័យបញ្ជាការយោធារួមរបស់កូរ៉េខាងត្បុង នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ឧសភា ២០២០ នេះ។
គ្រាប់កាំភ្លើងត្រូវបានបាញ់មកចំប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូងក្នុងទីក្រុង Cheorwon ប្រហែលជាម៉ោង ៧ៈ៤១ នាទីព្រឹកនៅក្នុងស្រុក ដែលនាំឱ្យយោធាកូរ៉េខាងត្បូងប្រកាសនូវការព្រមាន និងបានបាញ់តបតទៅវិញចំនួនពីរដងផងដែរ ប៉ុន្តែមិនមានបង្កជាការខូចខាត ឬការរងរបួសណាមួយឡើយពីខាងកូរ៉េខាងត្បូង។
ការិយាល័យបញ្ជាការយោធារួមរបស់កូរ៉េខាងត្បុងក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា «នឹងបន្តសកម្មភាពតាមប្រព័ន្ធទំនាក់ទំនងរួមអន្តរកូរ៉េដើម្បីស្វែងរកមូលហេតុនៃករណីនេះ ព្រមទាំងដើម្បីចៀសវាងកុំអោយមានករណីដូចគ្នានេះលើកក្រោយៗទៀតផងដែរ»។
តំបន់ព្រំដែនគ្មានកងទ័ពនៃប្រទេសទាំងពីរ ប្រវែងជាង ២៥០ គីឡូម៉ែតដែលខ័ណ្ឌចែកប្រទេសកូរ៉េទាំងពីរ គឺជាព្រំដែនដែលមានការយាមកាមយោធាតឹងរឹងជាងគេបង្អស់លើពិភពលោក។
គួរបញ្ជាក់ផងដែរថា ការបាញ់ប្រហារនេះកើតឡើង ខណៈពេលដែរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃទី ០២ ឧសភា ក្រោយពីអវត្តមានជាសាធារណៈជាង ២០ ថ្ងៃកន្លងមក។