ចាប់តាំងពីខែមេសាមក ជនបរទេសចំនួន ៦១ នាក់ត្រូវបានរដ្ឋាភិបាលកូរ៉េបណ្តេញចេញពីប្រទេសកូរ៉េ ដោយល្មើសវិធានការចត្តាឡីស័ក

សេអ៊ូល៖ មានជនបរទេសយ៉ាងហោចណាស់ ៦១ នាក់ហើយត្រូវបានគេរាយការណ៍ថាត្រូវបានបណ្តេញចេញពីប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែមេសាមក ដោយសាររកឃើញល្មើសនឹងវិធានការចត្តាឡីស័ក ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើតាមការលើកឡើងរបស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។

តួលេខចំនួន៦១នាក់ដែលត្រូវបានបណ្តេញចេញនេះគឺគិតចាប់តាំងពីថ្ងៃទី១ ខែមេសា ដែលប្រទេសកូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការចត្តាឡីស័កមុនចូលទឹកដីកូរ៉េនេះ បើតាមក្រសួងយុត្តិធម៌។

យ៉ាងណាមិញគិតចាប់តាំងពីថ្ងៃទី ១២ សីហា ដល់ថ្ងៃអង្គារទី១០ វិច្ឆិកាថ្មីៗនេះ ក្រសួងយុត្តិធម៌បានលើកឡើងក្នុងចំណោមជនបរទេសទាំង ១៦ នាក់ដែលត្រូវរកឃើញល្មើសនោះ មាន ៥ នាក់ត្រូវបានបណ្តេញចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនបរទេស ១១ ករណីទៀតត្រូវបានដាក់បញ្ជាឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញរៀងៗខ្លួន ។ ពួកគេទាំងអស់នោះត្រូវបានរកឃើញថាល្មើស និងបានលួចចេញពីកន្លែងទីតាំងធ្វើចត្តាឡីស័ករបស់ខ្លួនដោយមិនមានការអនុញ្ញាត។ ក្នុងនោះដែរ ១២ ករណីក្នុងចំណោមករណីល្មើសទាំងអស់នេះ ត្រូវបានរងការផាកពិន័យពីលើថែមទៀតផងដែរ។

នៅក្រោមវិធានការចាំបាច់នានាដែលរដ្ឋាភិបាលកូរ៉េបានដាក់ ជនជាតិកូរ៉េ និងជនបរទេសទាំងឡាយដែលចូលដល់ទឹកដីកូរ៉េ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ ថ្ងៃនៅផ្ទះឬទីតាំងណាមួយដែលរដ្ឋាភិបាលកំណត់។ សម្រាប់ជនបរទេសណាដែលមិនអនុវត្តតាមវិធានការចត្តាឡីស័កនេះ នឹងមិនត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសកូរ៉េបាននោះ ខណៈដែលអ្នកដែលបំពាននឹងរងការផាកពិន័យ និងបណ្តេញចេញផងដែរ។

បើគិតពីខែមេសាមក មាន ៧១ នាក់ផ្សេងទៀតត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីបដិសេធមិនអនុវត្តតាមវិធានការចត្តាឡីស័កដែលបានកំណត់នេះ។

ប្រែសម្រួលខ្លឹមសារពី៖ សារព័ត៌មាន Yonhap News

 

Leave a Reply

Your email address will not be published. Required fields are marked *